សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្តល់អាហាររូបករណ៍ចំនួន ៧០កន្លែង សម្រាប់រយៈពេល ១០ឆ្នាំ ដល់គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅប្រទេសម៉ាលី
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចផ្តល់អាហាររូបករណ៍ចំនួន ៧០ កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថានពហុសិក្សា ទីក្រុងបាម៉ាកូ ប្រទេសម៉ាលី សម្រាប់រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣)បន្តទៀត ដែលក្នុងនោះ ៤០ កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង ៣០កន្លែង សម្រាប់ កម្រិតមធ្យមសិក្សា។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយ បន្ទាប់ពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត ។
នៅក្នុងជំនួប សម្តេចតេជោ បានសម្ដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អរបស់គ្រឹះស្ថាន ដែល មានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨មក ដោយសារចំណូលនៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង៥ នៅទូទាំងប្រទេសម៉ាលី ។
សម្តេចតេជោ បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាបន្តកិច្ចខិតខំប្រែងធានានិរន្តរភាពរបស់សាលាបន្តទៅទៀត ។ ជាមួយគ្នានេះដែរ សម្រាប់ការអភិវឌ្ឍនៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខ សម្តេចតេជោ បានសម្រេចផ្តល់អាហាររូបករណ៍ចំនួន ៧០ កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថាន សម្រាប់រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០ កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង ៣០កន្លែង សម្រាប់ កម្រិតមធ្យមសិក្សា។
ជាកិច្ចឆ្លើយតប លោកស្រី អេវ៉ា មីស្លីវីក និង លោក មហាម៉ាត់ ឌៀររ៉ា បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅ ក្នុងនាមកុមារម៉ាលីទាំងអស់នៃគ្រឹះស្ថានពហុសិក្សា ចំពោះអំណោយ និងកាយវិការដ៏វិសេសថ្លៃថ្លារបស់សម្តេចតេជោ ដល់វិស័យសិក្សាធិការនៃប្រទេសម៉ាលី។ សូមបញ្ជាក់ថា គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់ សម្តេចតេជោ និងអ្នកស្រី អេវ៉ា មីស្លីវិក និងដៃគូជនជាតិម៉ាលីមួយរូបទៀត នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងនូវសាមគ្គីភាពរវាងប្រទេសទាំងពីរនៅក្នុងក្រុមគ្រួសារហ្វ្រង់កូហ្វូន និងក្របខ័ណ្ឌនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនិង កិច្ចសហប្រតិបត្តិការភាពជាដៃគូ ត្បូង - ត្បូង៕

.j.jpg)


Post a Comment