អតីតអ្នកអានព័ត៌មានភ្លើងឆេះផ្ទះខ្លួនឯងនៅទូរទស្សន៍ហង្សមាស ក្លាយជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
យោងតាមប្រកាសស្ដីពីការប្រគល់ភារកិច្ចអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) ត្រូវបានសម្រេចតែងតាំងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមលើមុខងារបច្ចុប្បន្ន។
កេរ្តិ៍ឈ្មោះ និងកិត្តិនាម របស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានជ្រាបចូលទៅក្នុងបេះដូងអ្នកនិយមតាមដានស្ដាប់ការអត្ថាធិប្បាយព័ត៌មាន ព្រោះតែលោកមានសិល្ប៍វិធីបកស្រាយព័ត៌មានបានច្បាស់លាស់ ជាពិសេសពន្យល់បំភ្លឺបន្ថែមអំពីច្បាប់ទម្លាប់យ៉ាងជ្រៅជ្រះ ដែលជាចំណេះដឹងមួយសំខាន់សម្រាប់សាធារណជនបានសិក្សាឈ្វេងយល់បន្ថែមអំពីបញ្ហាច្បាប់។

អ្នកគាំទ្រភាគច្រើនដែលនិយមស្ដាប់វិទ្យុបានស្គាល់សំឡេង លោកតាមរយៈ ការធ្លាប់បង្ហើរសំនៀងតាមរលកវិទ្យុ១០២ ឬមណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC និងវិទ្យុផ្សេងៗជាច្រើនទៀត។ រីឯមុខរបស់លោកត្រូវបានគេស្គាល់ព្រោះលោកធ្លាប់ផ្សាយព័ត៌មានលើកញ្ចក់ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយផ្ដល់ប្រឹក្សាផ្នែកច្បាប់ក្នុងកម្មវិធីត្រយងប្រឹក្សានៃសារព័ត៌មានត្រយងនាពេលបច្ចុប្បន្ន។

បងប្អូនអ្នកគាំទ្រ មួយភាគធំប្រាកដជាចង់ដឹងពីប្រវត្តិ ការតស៊ូ បទពិសោធន៍ និងការសិក្សារបស់លោក ទម្រាំតែលោកទទួលបានសេចក្ដីទុកចិត្ត ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំងលោកជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ប្រវត្តិផ្ទាល់ខ្លួន របស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ) លោកជាកូនប្រុសទីពីរ ក្នុងចំណោមបងប្អូនសរុប៧នាក់ នៃគ្រួសារកសិករដ៏ក្រីក្រគ្មានដីធ្លីសង់លំនៅដ្ឋាន និងជារឿយៗហូបតែបបរ ដោយពេលខ្លះដាច់ពេលក៏មាន។ លោកមានឪពុកឈ្មោះ ទូច ភីរុណ និង អ្នកម្ដាយឈ្មោះ ឃុត សំអូន ដែលបានផ្ដល់កំណើតឱ្យលោកនៅថ្ងៃទី ១២ ខែមករា ឆ្នាំ១៩៨២ ក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកបានរៀបការជាមួយនឹងលោកស្រី លី ចាន់ណា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៦ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ជាទីដែលលោកស្នាក់អាស្រ័យនឹងវត្តកំពង់ភ្នំក្នុងអស់រយៈពេល៣ឆ្នាំ ដើម្បីបន្តការសិក្សានៅវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ។ លោកនិងឧត្តមភរិយាមានកូន២នាក់ ស្រី១នាក់ និងប្រុស១នាក់។ ងាកមកប្រវត្តិសិក្សា និង ការបណ្ដុះបណ្ដាលជំនាញវិញ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ មានទំនោរស្រលាញ់យុត្តិធម៌ និងចូលចិត្តសិក្សាច្បាប់ទម្លាប់។ ដូច្នេះ លោកព្យាយាមប្រឡងចូលសាលាច្បាប់បឹងត្របែក រហូតជាប់នៅឆ្នាំ២០០០ ក្រោយប្រឡងធ្លាក់ម្ដងនាឆ្នាំ១៩៩៩ ជាឆ្នាំដែលលោកប្រឡងជាប់បាក់ឌុប។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ (ច្បាប់) ក្នុងឆ្នាំ២០០៥។ នៅឆ្នាំ២០១៣ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនីតិសាស្ត្រ ខណៈកាលពីឆ្នាំ២០២២ លោកបានបញ្ចប់ដោយជោគជ័យថ្នាក់បណ្ឌិតនីតិសាស្ត្រ។ ក្រៅពីជំនាញនីតិសាស្ត្រនេះ លោកក៏បានសិក្សាជំនាញជាច្រើនមុខទៀតដូច សារព័ត៌មាន តែងនិពន្ធ កិច្ចការរដ្ឋបាល វិធីសាស្ត្រសរសេរសុន្ទរកថានិងជំនួយស្មារតី។
បើនិយាយអំពីប្រវត្តិការងារក្នុងវិស័យសារព័ត៌មានវិញនោះ ឃើញថា លោកបណ្ឌិត គឺជាអ្នកវិភាគ និងផ្ដល់យោបល់ផ្លូវច្បាប់ជូនប្រជាពលរដ្ឋ តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញ ប្រមាណ១៨ឆ្នាំ ដោយក្នុងនោះលោកធ្លាប់បំពេញតួនាទីជាផលិតករប្រតិបត្តិកម្មវិធីវិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC)រយៈពេល៥ឆ្នាំ។ លោកក៏ធ្លាប់ជាប្រធានក្រុមអ្នកយកព័ត៌មាន(Head of Reporter) និងនិពន្ធនាយករងនៃសារព័ត៌មានសប្បាយរយៈពេល២ឆ្នាំ។ លោកធ្លាប់ជាអនុប្រធានព័ត៌មានរាជធានីខេត្ត និងជាអ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស អស់រយៈពេល៩ឆ្នាំផងដែរ។បច្ចុប្បន្ន លោកបណ្ឌិតគឺជាអនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការនៃសារព័ត៌មានត្រយង។ ជារួម លោកបានកំពុងប្រឡូកក្នុងសមរភូមិព័ត៌មានបែបចម្រុះ(Multi Media) រួមមានសារព័ត៌មានអនឡាញ វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្ដីជាដើម។ លើសពីនេះ លោកក៏តែងតែបើកវគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មាន ពិធីករ និយាយជាសាធារណៈ និងបង្រៀនច្បាប់តាមមហាវិទ្យាល័យទាំងនៅភ្នំពេញនិងតាមខេត្ត។
បន្ថែមពីនេះទៀត លោកបណ្ឌិតក៏ជាអ្នកនិពន្ធសៀវភៅដ៏សកម្មមួយរូប ដែលបាននិពន្ធ ចងក្រងស្នាដៃ និងពិគ្រោះយោបល់សៀវភៅជាច្រើនចំណងជើងផងដែរ។ ស្នាដៃសំខាន់ៗដែលបានបោះពុម្ពផ្សព្វផ្សាយមានដូចជា បណ្ដាំម៉ែនី ជា ស៊ីម សហស្ថាបនិក២ធ្នូ បដិវត្តន៍ពណ៌នៅកម្ពុជា រៀនពីហ៊ុនសែនដើម្បីជោគជ័យ សម្ដេចក្រឡាហោម ស ខេង ក្នុងបេសកកម្មដើម្បីជាតិនិងប្រជាជន និង សៀវភៅ ស សុខា 41quotes ដើម្បីអភិវឌ្ឍខ្លួន ជាដើម។

ចំពោះការងារនយោបាយវិញ លោកគឺជាអនុប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង និងជាប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនចុះមូលដ្ឋានស្រុកព្រះស្ដេច។ ទន្ទឹមនេះ លោកក៏ជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយសង្កាត់បារាយណ៍ខេត្តព្រៃវែងផងដែរ។លោកបណ្ឌិត ទូច សុឃៈ(សុខៈ) ទទួលបានការតែងតាំងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងជំនួយការឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ក្រសួងមហាផ្ទៃជាក្រសួងដ៏សំខាន់ និងមានវិសាលភាពគ្រប់ដណ្ដប់លើផ្ទៃប្រទេសទាំងកិច្ចការរដ្ឋបាលដែនដី នគរបាល និងការងារពន្ធនាគារ៕



Post a Comment