អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប៉ូលីសសិង្ហបុរីជាង៤០០នាក់ បង្រ្កាបទីតាំងពាក់ព័ន្ធការលាងលុយកង្វក់ និងរឹបអូសទ្រព្យសម្បត្តិសរុប ១ពាន់លានដុល្លារសិង្ហបុរី - Read News TV

ប៉ូលីសសិង្ហបុរីជាង៤០០នាក់ បង្រ្កាបទីតាំងពាក់ព័ន្ធការលាងលុយកង្វក់ និងរឹបអូសទ្រព្យសម្បត្តិសរុប ១ពាន់លានដុល្លារសិង្ហបុរី

សិង្ហបុរី៖ ទ្រព្យសម្បត្តិប្រហែល ១ពាន់លានដុល្លារសិង្ហបុរី (ស្មើនឹង៧៣៦លានដុល្លារអាមេរិក) រួមទាំង ផ្ទះ រថយន្ដទំនើបៗ ទំនិញផ្សេងៗដ៏ប្រណីត និងដុំមាសត្រូវបានរឹបអូស ឬបង្កកនៅក្នុងការស៊ើបអង្កេតដ៏ធំរបស់ប៉ូលីសប្រទេសសិង្ហបុរី ចំពោះបទល្មើសលាងលុយ និងក្លែងបន្លំរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

ប៉ូលីសសិង្ហបុរីទទួលបានព័ត៌មានអំពីសកម្មភាពខុសច្បាប់ រួមទាំងការប្រើប្រាស់ឯកសារដែលគេសង្ស័យថា បានក្លែងបន្លំនៅក្នុងគណនីធនាគារសិង្ហបុរី តាមរយៈការស៊ើបអង្កេតប៉ូលីសបានកំណត់អត្តសញ្ញាណជនបរទេសមួយក្រុម ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនៅក្នុងការលាងលុយកង្វក់ពីសកម្មភាពឧក្រិដ្ឋកម្មដែលបានរៀបចំនៅក្រៅប្រទេស រួមទាំងការឆបោក និងហ្គេមអនឡាញ។

កាលពីថ្ងៃអង្គារ ទី១៥ ខែសីហា ប៉ូលីសសិង្ហបុរីប្រមាណជាជាង ៤០០នាក់ បានធ្វើសកម្មភាពឆ្មក់ក្នុងពេលដំណាលគ្នាទៅលើទីតាំងសំខាន់ៗជាច្រើន ដូចជានៅលំនៅដ្ឋានលំហែកាយ Gold Class Bungalows និង Condo ដែលឈានដល់ការចាប់ខ្លួនមនុស្សចំនួន ១០នាក់ មានអាយុចន្លោះពី ៣១ឆ្នាំ ទៅ ៤៤ឆ្នាំ នៅយប់ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ទាក់ទងនឹងការស៊ើបអង្កេតពីការលាងលុយកង្វក់។


នៅក្នុងចំណោមមនុស្ស ១០នាក់ដែលត្រូវបានចាប់ខ្លួនមានសញ្ជាត្តិផ្សេងៗគ្នាដូចជា៖ ស៊ីប តួកគី ចិន កម្ពុជា និងជនជាតិដើមភាគតិច នី-វ៉ានូអាតូ ក្នុងនោះមានបុរស​៣នាក់ ដែលមានអាយុ ៣៣ឆ្នាំ ៤០ឆ្នាំ និង៤១ឆ្នាំ ត្រូវបានគេរកឃើញថា កាន់លិខិតឆ្លងដែនសាធារណរដ្ឋប្រជាមានិតចិន និង កម្ពុជា។


យ៉ាងណាម៉ិញ មនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានគេជឿថា មិនមែនជាពលរដ្ឋសិង្ហបុរី ឬ អ្នកស្នាក់នៅអចិន្រ្តៃយ៍ក្នុងប្រទេសនេះនោះទេ។


អាជ្ញាធរបានរឹបអូសគណនីធនាគារ ដែលជាប់ពាក់ព័ន្ធជាង ៣៥គណនី ដែលត្រូវបានគេប៉ាន់ស្មានសរុបមានតម្លៃជាង១១០លានដុល្លារសិង្ហបុរី លើសពីនេះ ប៉ូលីសសិង្ហបុរី បានរឹបអូសសាច់ប្រាក់សុទ្ធសរុបជាង ២៣លានដុល្លារសិង្ហបុរី អចលនទ្រព្យចំនួន៩៤ យានជំនិះចំនួន៥០គ្រឿង ដែលមានតម្លៃប្រហែលជាង ៨១៥លានដុល្លារសិង្ហបុរី ព្រមទាំងកាបូប នាឡិកាដៃទំនើបសរុប ២៥០គ្រឿង ឧបករណ៍អេឡិចត្រូនិចជាង ១២០គ្រឿង (កំព្យូទ័រ និងទូរស័ព្ទដៃ) គ្រឿងអលង្កាជាង២៧០គ្រឿង ដុំមាសចំនួន២ដុំ ព្រមទាំងឯកសារសំខាន់ៗ ចំនួន១១ទៀត៕












Theme images by Radius Images. Powered by Blogger.