នាយឧត្តមសេនីយ៍ ស ថេត និងលោក គួច ចំរើន អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ឯក ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ
ព្រះសីហនុ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខកពង់ខ្ពស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណពអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
ពិធីនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន ស្នងការនគរបាលខេត្តជាប់ខេត្តព្រះសីហនុ នាយនគរបាលពាក់ព័ន្ធ ស្នងការរងខេត្តព្រះសីហនុ នាយការិយាល័យ អធិការក្រុង ស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ទេរភារកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកជាអគ្គស្នងការរងនគរបាលជាតិ។
រំលងបានមួយថ្ងៃ ពោលនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសប្រគល់ភារកិច្ចជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ឲ្យទទួលជាស្នងការនគរបាលខេត្តព្រះសីហនុ៕
អគ្គស្នងការនគរបាលជាតិក៏បានជំរុញប្រធានអង្គភាពត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វេីការងារប្រចាំថ្ងៃឲ្យបានល្អ ត្រូវមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដេីម្បីទទួលយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ដេីម្បីដាក់ចេញឲ្យអនុវត្ត ហើយផែនការងារសន្តិសុខដេីរតួសំខាន់ ឈានដល់ការគ្រប់គ្រងមុខសញ្ញា ដេីម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មេីស។
ដោយឡែក ការគ្រប់គ្រងអាវុធជាតិផ្ទុះ ការកាន់កាប់អាវុធខុសច្បាប់ ត្រូវអនុវត្តជាប្រចាំដោយមានការចូលរួមពីគណៈបញ្ជាការឯកាព ហើយមានការដឹកនាំបញ្ជាឲ្យតំណាងអយ្យការ។ លើសពីនេះ ត្រូវពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដេីម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង។
នាយឧត្តមសេនីយ៍ ស ថេត ក៏ណែនាំឲ្យបន្ដអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយសម្រាប់ករណីគ្រឿងញៀន ៣កុំ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលេង និង១រាយការណ៍គ្រប់ករណី។ ជាមួយគ្នានេះ ក្នុងករណីកម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ ជួញដូរ ចែកចាយ គ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខណ្ឌ ដូចប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកប្រធានអង្គភាព ត្រូវពង្រឹងក្រមសីលធម៌ ពាក្យសំដី និងកាយវិការដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីចរាចរណ៍ និងមន្ត្រីតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវមានការរៀបចំហ្វឹកហាត់ក្បាច់គុណ តាមបណ្តាអង្គភាព ផ្តោតសំខាន់លេីមន្ត្រីផ្នែកចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀន និងផ្នែកអន្តរាគមន៍ គ្រប់អង្គភាព ត្រូវរៀបចំត្រួតពិនិត្យកម្លាំង ឧបករណ៍សម្ភារផ្សេងៗឲ្យបានល្អ ជាមួយនឹងការរៀបចំផែនការច្បាស់លាស់ជាដើម។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានប្ដេជ្ញាចិត្ត៧ចំណុច ដើម្បីតបស្នងសងគុណចំពោះថ្នាក់ដឹកនាំ គ្រប់ថ្នាក់ ដែលផ្ដល់ជំនឿចិត្ត តែងតាំងឯកឧត្តមជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ទី១ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ។
ទី២ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យ បានសម្រេចជោគជ័យនូវគ្រប់កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាពិសេសរក្សាការពារឲ្យបានស្ថិតស្ថេរ គង់វង្សនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលនានាដែល រាជរដ្ឋាភិបាលខិតខំកសាងតាំងពីបាតដៃទទេរ រហូតមកទល់បច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ទី៣ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា និងគោលការណ៍នានា របស់ថ្នាក់ ដឹកនាំគ្រប់ថ្នាក់ ជាពិសេសបទបញ្ហា ០០៦ របស់កងកម្លាំងនគរបាលជាតិ។
ទី៤ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួម សុខរួមទុក្ខជាមួយមន្ត្រីគ្រប់កាលៈទេសៈ។ ទន្ទឹមនោះ ខិតខំលើកកម្ពស់គុណភាពមន្រ្តី ទាំងសមត្ថភាពជំនាញ វិន័យ សីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។
ទី៥ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងសមិទ្ធផលនានាចំណុះស្នងការដ្ឋាន ឲ្យស័ក្កិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ទី៦ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ដូចជាបណ្តាខេត្តជាប់ព្រំប្រទល់ ដើម្បីការពារធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ទី៧ លើកកម្ពស់ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ធ្វើយ៉ាងណាឲ្យជន គ្រប់រូបនៅខេត្តព្រះសីហនុ ទទួលបាននូវសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងខិតខំជំរុញការផ្តល់សេវា តម្រូវការចាំបាច់នានា ដោយភក្តីភាព និងមានតម្លាភាព សំដៅបង្កើនភាពកក់ក្តៅ និងជំនឿជឿជាក់របស់ប្រជា ពលរដ្ឋ មកលើនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល៕





Post a Comment