ជប៉ុនបាញ់បង្ហោះរ៉ុក្កែតអវកាសដឹកមនុស្សទៅឋានព្រះច័ន្ទ ក្រោយពន្យារពេល៣លើក
ជប៉ុន៖ បេសកកម្មបាញ់បង្ហោះយានអវកាសទៅឋានព្រះច័ន្ទ របស់ប្រទេសជប៉ុន បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ហើយប្រសិនជាកម្មវិធីអវកាសរបស់ប្រទេសនេះជោគជ័យ វានឹងក្លាយជាការជោគជ័យលើកដំបូង សម្រាប់ប្រទេសអាស៊ីខាងកើតមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។
កន្លងមកមានតែសហរដ្ឋអាមេរិក រុស្ស៊ី ចិន ហើយកាលពីខែមុន ឥណ្ឌា បានចុះចតយានអវកាសលើឋានព្រះច័ន្ទ ដោយជោគជ័យ ខណៈបេសកកម្មរបស់ជប៉ុន បានបរាជ័យចំនួន២លើក។
បើតាមការមើលដោយមនុស្ស ៣៥,០០០នាក់តាមអ៉ីនធឺណិត គ្រាប់រ៉ុក្កែតអវកាស H2-A បានបាញ់បង្ហោះចេញពីផ្ទៃផែនដី នៅព្រឹកថ្ងៃព្រហស្បតិ៍ ពីកោះ Tanegashima ភាគខាងត្បូង។
រ៉ុក្កែតអវកាស H2-A នេះមានផ្ទុកយានរ៉ូបូតសម្រាប់ចុះចត ១គ្រឿងឈ្មោះ Smart Lander for Investigating Moon (SLIM) ដែលគេរំពឹងថា នឹងទៅចុះចតលើផ្ទៃព្រះច័ន្ទក្នុងចន្លោះពេល ៤ទៅ៦ខែ ខាងមុខនេះ ពោលនៅដើមឆ្នាំ២០២៤។
មុនប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍នេះ បេសកម្ម Moon Sniper ត្រូវបានពន្យារពេលសរុប៣លើករួចមកហើយ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។
រ៉ុក្កែតខាងលើក៏មានផ្ទុកផ្កាយរណបស្រាវជ្រាវ១គ្រឿងទៀត ដែលអភិវឌ្ឍន៍ឡើងរួមគ្នាដោយទីភ្នាក់ងារអវកាសជប៉ុន JAXA, ទីភ្នាក់ងារអវកាស NASA របស់អាមេរិក និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA។
សូមជម្រាបថា ការព្យាយាមចុះចតយានរ៉ូបូតកន្លងៗ មករបស់ជប៉ុន គឺបានទទួលបរាជ័យ ក្នុងរួមមានទាំងកាលពីឆ្នាំមុន នៅពេលដែលជប៉ុនបានបញ្ជូនយានស្រាវជ្រាវមួយ ឈ្មោះថា Omotenashi ដែលស្ថិតក្រោមក្របខណ្ឌនៃកម្មវិធីអវកាសឋានព្រះចន្ទ Artemis របស់អាមេរិក ដូច្នេះគេរំពឹងថា រ៉ុក្កែតអវកាសលើកនេះអាចនឹងទទួលបានជោគជ័យ៕

Post a Comment