សហរដ្ឋអាមេរិក ប្រកាសផ្ដល់រង្វាន់ ៥ លានដុល្លារក្នុងការតាមប្រមាញ់ឃាតករសម្លាប់បេក្ខជនប្រធានាធិបតីអេក្វាទ័រ
អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអា មេរិកនឹងផ្ដល់ប្រាក់រង្វាន់ ៥លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានដែលនាំរកទៅការចាប់ខ្លួនអ្នកនៅពីក្រោយការបាញ់សម្លាប់លោក ហឺ្វណាន់ដូ វីយ៉ាវីសិនត្យូ (Fernando Villavicencio) បេក្ខជនប្រធានាធិបតីអេក្វាទ័រ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Villavicencio ជាអតីតសមាជិកសភា និងជាអ្នកកាសែតម្នាក់ដែលធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ត្រូវបានគេបាញ់ សម្លាប់ក្នុងរដ្ឋធានី គីតូ កាលពីថ្ងៃទី៩ ខែសីហា ក្នុងពេលមិនដល់ ២សប្ដាហ៍ផងមុនការបោះឆ្នោតប្រធានាធិបតី។ ប៉ូលិសអេក្វាទ័រ បានចាប់ខ្លួនជនសង្ស័យ ៦ នាក់ដែលត្រូវបានរាយការណ៍ថាជាជនជាតិកូឡុំប៊ីទាំងអស់ និងមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជន។
បន្ថែមពីលើប្រាក់រង្វាន់ ៥ លានដុល្លារលោក Blinken ក៏បានប្រកាសផងដែរពីប្រាក់រង្វាន់ ១ លានដុល្លារសម្រាប់ព័ត៌មាននាំទៅរកការកំណត់អត្តសញ្ញាណ ឬក៏កំណត់ទីតាំងរបស់បុគ្គលដែលជាមេកើយ ឬអ្នកទទួលខុសត្រូវចម្បងចំពោះការស្លាប់របស់លោក Villavicencio។ គួរបញ្ជាក់ថា បើតាមលោក Blinken សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់ប្រជាជនអេក្វាទ័រ និងសហការដើម្បីកាត់ទោសតាមផ្លូវច្បាប់ ចំពោះជនដែលចង់បំផ្លាញដំណើរការប្រជាធិបតេយ្យដោយការប្រព្រឹត្តអំពើហិង្សា៕


Post a Comment