អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកប៉ែន បូណា៖រាជរដ្ឋាភិបាលអាណត្តិថ្មីមានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងនិងឆាកអន្តរជាតិ - Read News TV

លោកប៉ែន បូណា៖រាជរដ្ឋាភិបាលអាណត្តិថ្មីមានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងនិងឆាកអន្តរជាតិ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំកំពូលនេះធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។


លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

ទាក់ទងនឹងការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចបវរធិបតីហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំនៅហ្សាការតាក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ នេះបើតាមការបញ្ជាក់របស់លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ​

លោកប៉ែន បូណា បន្តថា នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា , គណៈប្រតិភូសភានិងតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ជាដើម។

បន្ថែមពីនេះលោកប៉ែន បូណា បញ្ជាក់ថារហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង ៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើរសារអបអរសាទររហូតដល់ពីរឬបីក៏មានពោលគឺសារអបអរសាទរពីនាយករដ្ឋមន្ត្រីឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តានចិត្តនិងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជាតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ 

ក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ អត្រានៃការចូលរួមបោះឆ្នោតមានរហូតដល់ជាង ៨៤% ក្នុងនោះមានអ្នកបោះឆ្នោតជាង ៨២% បានទម្លាក់សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ មានន័យថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេច ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងពីជាង ៧៤% ដល់ជាង ៨២%។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ដល់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ 

ឈរលើមូលដ្ឋានដូចបានលើកឡើងខាងលើ គេអាចសន្និដ្ឋានបានប្របកដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះនៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា៕

Theme images by Radius Images. Powered by Blogger.