ក្មេងៗឈ្លោះគ្នា តាកើតជាគំនុំយកជំពាមកៅស៊ូបាញ់ក្មេងស្រីម្នាក់របួសក្រោមភ្នែក (មានវីដេអូ)
ភ្នំពេញ ៖ បុរសចំណាស់ជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពីធ្វើសកម្មភាពប្រើជំពាមកៅស៊ូបាញ់គ្រាប់កង់ត្រូវចំក្មេងស្រីម្នាក់ អាយុ៦ឆ្នាំ កំពុងជិះស្គីលេងតាមផ្លូវបេតុងមុខផ្ទះ បណ្តាលឱ្យរងរបួស ដោយសាររឿងគំនុំ។
ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងង៉ី ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម រស់នៅផ្ទះកន្លែងកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ សួន វ៉ាន់នី អាយុ៦ឆ្មាំ រស់នៅក្បែរផ្ទះជនសង្ស័យ រងរបួសធ្ងន់ធ្ងរក្រោមភ្នែកខាងធ្វេង ។
តាមប្រភពបានឱ្យដឹងថា កន្លងមកចៅស្រីរបស់ជនសង្ស័យរត់លេងជាមួយក្មេងក្បែរខាង ហើយឈ្លោះគ្នា ជាលក្ខណៈក្មេងៗ បែជាជីតា (ជនសង្ស័យ) មានគំនិតគុំគួនលើក្មេងស្រីរងគ្រោះ លុះនៅវេលាម៉ោង៦និង២៧នាទី (យ៉ោងតាមកាមេរ៉ាសុវត្តិភាព ) ខណៈដែលក្មេងៗក្នុងភូមិ ក្នុងនោះក្មេងស្រីរងគ្រោះកំពុងជិះស្គីលេង តាមផ្លូវបេតុងមុខផ្ទះ ស្រាប់តែជនសង្ស័យប្រើប្រាស់ជំពាមកៅស៊ូ បាញ់គ្រាប់កង់ ត្រូវចំក្មេងរងគ្រោះ របួសក្រោមភ្នែកឆ្វេង ។
ក្រោយកើតហេតុ ក្មេងរងគ្រោះត្រូវបានឪពុកម្តាយនាំទៅពេទ្យ លុះនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបែកធ្លាយវីដេអូ កាមេរ៉ាសុវត្តិភាព ពីសកម្មភាពជនសង្ស័យបាញ់ក្មេងស្រីឱ្យរបួស ត្រូវបានឪពុកម្តាយក្មេងរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ។
ករណីហឹង្សាខាងលើ បន្ទាប់ពីទទួលបានបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យ ដកហូតបានជំពាមកៅស៊ូ គ្រាប់កង់ រួចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕



Post a Comment