អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កាកបាទក្រហមកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ - Read News TV

កាកបាទក្រហមកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារ គណ:កម្មការ និងអនុគណ:កម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុននេះ ។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់មតិណែនាំក្នុងអង្គប្រជុំ ដោយត្រូវយកចិត្ដទុកដាក់ធ្វើកិច្ចការងារឱ្យបានល្អ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនាមកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានស្នើដល់ មន្ដ្រី បុគ្គលិក សមាជិក សមាជិកា និងមន្ដ្រីស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងពង្រីកសមត្ថភាពភាពការងារបន្ថែមទៀត ដើម្បីបំពេញកិច្ចការងារ ទៅតាមមុខងារ ដែលខ្លួនទទួលខុសត្រូវ ឱ្យបានកាន់ច្បាស់លាស់។

បន្ទាប់ពីមានមតិណែនាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានការបង្ហាញពីរបាយការណ៍បូកសរុប ការត្រៀមរបស់កាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ លើកទី២០ និងវេទិកាយុវជនលើកទី២ សមាគមជាតិអាស៊ីអាគ្នេយ៍ ដោយអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការ រៀបចំវេទិកាយុវជនលើកទី២០ ធ្វើឡើងពីថ្ងៃទី ១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយនោះក្នុងមានពិធីដំាដើមឈើ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា។ 

វេទិកាយុវជនទី២ ដែលប្រារព្ធធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញានេះដែរ នឹងមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួល មកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។ វេទិកាយុវជននេះនឹងផ្ដោតសំខាន់លើការកសាងសមត្ថភាព នៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌។ គណៈប្រតិភូយុវជនទាំងអស់ គ្រោងនឹងដាំដើមឈើចំនួន ២,០០០ដើមលើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នាថ្ងៃទី២០ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងប្រធានមជ្ឈមណ្ឌល។ ការដាំដើមឈើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិ ក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជន ក្នុងការដាំដើមឈើ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។

ដោយឡែកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងធ្វើឡើងពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ និងបញ្ហាផ្សេងៗទៀត។ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នេះដែរ នឹងប្រមូលផ្ដុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម មានគ្នាសរុបប្រមាណ៤០នាក់៕







Theme images by Radius Images. Powered by Blogger.