សម្តេចធិបតី៖ គ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងផ្ដល់ការយកចិត្តទុកដាក់លើមនុស្សចាស់ជាអាទិភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្ដល់ការយកចិត្តទុកដាក់លើមនុស្សចាស់ជាអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពផ្សេងៗទៀត។
តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឈរលើស្មារតីយកចិត្តទុកដាក់លើមនុស្សចាស់ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់នៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ ផងដែរ។
តាមរយៈសារលិខិតនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស» និងក្នុងមុំទី៤ «ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូបផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ហើយការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រម មួយចំនួនដូចជា ចីរភាព នៃកម្មវិធី, លទ្ធភាពអាចទ្រទ្រង់បាន នៃថវិកាជាតិ, ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ, និងភាពអាចពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននឹងកំពុងយកចិត្តទុកដាក់អនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ និងបានកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាពគាំទ្រប្រកបដោយមនុស្សធម៌ និងសាមគ្គីធម៌ចំពោះមនុស្សវ័យចាស់នៅតាមសហគមន៍នានាផងដែរ៕
.jpg)
Post a Comment