អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងសុខាភិបាលប្រកាសចាត់វិធានការច្បាប់តឹងរ៉ឹងលើលោកអ៊ុច សម្បត្តិ និង បក្ខពួក - Read News TV

ក្រសួងសុខាភិបាលប្រកាសចាត់វិធានការច្បាប់តឹងរ៉ឹងលើលោកអ៊ុច សម្បត្តិ និង បក្ខពួក

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងលើឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួកទៅតាមផ្លូវច្បាប់ជាធរមាន បន្ទាប់ពីពួកគេមិនគោរព និងមិនអនុវត្តតាមកិច្ចសន្យាដែលធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ព្រមទាំងបានចេញលិខិតបំភ្លឺជាសាធារណៈវាយប្រហារក្រសួងសុខាភិបាល នាំឱ្យសាធារណជនមានការភាន់ច្រឡំ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ស្ថាបនិកក្រុមហ៊ុន គ្រួសារកក់ក្តៅ ឯ.ក លោក អ៊ុច សម្បត្តិ បានអះអាងតាមរយៈវីដេអូថា ខ្លួនបានរងភាពអយុត្តិធម៌ ដោយបានបញ្ជាក់ថា លោកមានភាពស្អាតស្អំគ្រប់គ្រាន់ ដោយសារតែមានការអនុវត្តរបស់មន្រ្តីក្រសួងសុខាភិបាល ដែលភ្ជាប់មកជាមួយនូវលិខិតមួយសន្លឹក ហើយបានឃាត់ផលិតផលរបស់លោកទាំងអស់ ដើម្បីយកទៅពិសោធន៍ ក្រោយមករយៈពេល ០៥ថ្ងៃ មន្រ្តីនោះបញ្ជាក់ថា មិនមានបញ្ហានោះទេ។

ជាមួយគ្នានេះ លោក អ៊ុច សម្បត្តិ ក៏បានស្នើឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រី ហ៊ុន ស៊ីណាត ជួយរកភាពយុត្តិធម៌ដែលលោកលោក អ៊ុច សម្បត្តិអះអាងថាបានរងភាពអយុត្តិធម៌ជាទីបំផុត។
សូមជម្រាបជូនថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ ថា លោក អ៊ុច សម្បត្តិ ប្រធានស្ថាបនិករបស់គ្រឹះស្ថាន គ្រួសារកក់ក្តៅ ឯ.ក បានទទួលស្គាល់ថា ក្រុមហ៊ុន គ្រួសារកក់ក្តៅ ឯ.ក ពិតជាបានផ្សព្វផ្សាយ ចែកចាយ និងលក់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps ដែលក្រសួងបានវិភាគរកឃើញមានផ្ទុកសារធាតុ Dexamethasone និង Prednisolone ប្រាកដមែន ព្រមទាំងបានធ្វើកិច្ចសន្យានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលយកនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការលុបលេខបញ្ជិកា និងចេញសេចក្តីជូនព័ត៌មានដល់សាធារណជនជ្រាបពីបញ្ហាគុណភាពរបស់ផលិតផលបំប៉នសុខភាពទាំងនេះផងដែរ។ លើសពីនេះ ក៏បានសន្យាប្រមូលផលិតបំប៉នសុខភាពទាំងនេះពីទីផ្សារ ហើយធ្វើរបាយការណ៍ជូនក្រសួងសុខាភិបាល មិនលើសពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ និងទទួលយល់ព្រមការបង់ប្រាក់ពិន័យអន្តរការណ៍ចំនួន ៥លានរៀល ជូនក្រសួងសុខាភិបាលចំពោះករណីប្តូរទីតាំងគ្រឹះស្ថាន គ្រួសារកក់ក្តៅ ឯ.ក ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ បន្ថែមពីនេះ ក៏យល់ព្រមបញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលទាំងនោះ ចាប់ពីពេលចុះកិច្ចសន្យាតទៅ ដោយយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រោយពីបានទទួលស្គាល់កំហុសរបស់ខ្លួន គ្រឹស្ថាន គ្រួសារកក់ក្តៅ ឯ.ក នៅតែមិនគោរព និងមិនអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យា ហើយថែមទាំងបានចេញលិខិតបំភ្លឺជាសាធារណៈចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈមេធាវីតំណាងរបស់ខ្លួន ដោយធ្វើការវាយប្រហារមកលើក្រសួងសុខាភិបាល ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងយល់ខុសទៅលើចំណាត់ការតាមផ្លូវច្បាប់របស់ក្រសួងសុខាភិបាល ដែលបានធ្វើកន្លងមក ទើបក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចបិទ និងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថាន គ្រួសារកក់ក្តៅ ឯ.ក។  

ក្រសួងបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក នៅតែមិនគោរព និងមិនអនុវត្តតាមវិធានការរបស់ក្រសួងជំនាញ ហើយបន្តធ្វើសកម្មភាពវាយប្រហារមកលើក្រសួងសុខាភិបាល ដោយពុំមានមូលដ្ឋានសមស្រប និងមានចេតនាញុះញង់បង្កចលាចល ព្រមទាំងបំពុលបរិយាកាសនៅ ក្នុងសង្គមផងដែរ៕ 

Theme images by Radius Images. Powered by Blogger.