អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សត្វគោអ្នកស្រុកងាប់ចំនួន១៧ក្បាល នៅកណ្តាលវាលស្រែ សង្ស័យពុលថ្នាំបាញ់ស្រូវ - Read News TV

សត្វគោអ្នកស្រុកងាប់ចំនួន១៧ក្បាល នៅកណ្តាលវាលស្រែ សង្ស័យពុលថ្នាំបាញ់ស្រូវ

កំពង់ឆ្នាំង ៖ គោប្រជាពលរដ្ឋចំនួន១៧ក្បាល ក្នុងចំណោម២២ក្បាល បានងាប់កណ្តាលវាលស្រែ សង្ស័យពុលថ្នាំបាញ់ស្រូវ ដែលគេបាញ់សម្លាប់សត្វល្អិត កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចត្រពាំងធ្លក ក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ម្ចាស់គោមានឈ្មោះ ទត សៀងហីម ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។


បើតាមការបំភ្លឺពីម្ចាស់គោ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ប្អូនប្រុសរបស់គាត់បានកៀងគោចំនួន២២ក្បាល ទៅឃ្វាល នៅវាលក្រៅភូមិ រហូតដល់ម៉ោងបាយថ្ងៃត្រង់ ក៏បានដេញហ្វូងគោ ឱ្យដើររកសុីក្នុងព្រៃ ដោយគ្មានខ្សែចំណង រួចក៏វិលទៅហូបបាយផ្ទះ រួចរាល់ហើយ វិលទៅរកគោវិញ ស្រាប់តែបាត់គោអស់ នាំគ្នាដើរស្វែងរកក្នុងព្រៃ តែមិនឃើញ រហូតដល់យប់ឡើង ទើបទទួលដំណឹងថា ប្រទះឃើញគោងាប់ចំនួន១៧ក្បាល ញី៥ក្បាល នៅវាលស្រែក្នុងចំណោមគោសរុប២២ក្បាល ។


ក្រោយពីប្រទះឃើញគោងាប់ រាយការណ៍ទៅសមត្ថកិច្ច តែដោយយប់ជ្រៅទៅហើយ សមត្ថកិច្ចហាមយកទៅណា ឬប៉ះពាល់ រហូតដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ច អាជ្ញាធរ ពេទ្យសត្វ ចុះទៅពិនិត្យ ឃើញថា សត្វគោទាំង១៧ក្បាលបានងាប់ដោយសារសុីស្មៅមានជាតិថ្នាំពុល ។

បើតាមសន្និដ្ឋាន ពេលដែលម្ចាស់អ្នកឃ្វាលមិននៅមើល ហ្វូងគោចេញពីព្រៃ ចូលសុីស្មៅ ស្រូវពង្រោះ ដែលគេបាញ់ថ្នាំសម្លាប់សត្វល្អិត ។ ដោយគោងាប់ច្រើនពេក ម្ចាស់គោប្តឹងសមត្ថកិច្ច ឱ្យជួយរកយុត្តធម៌ ៕






Theme images by Radius Images. Powered by Blogger.