៩ខែឆ្នាំ២០២៣៖ក្រសួងមហាផ្ទៃដោះស្រាយឆ្លើយតបបញ្ហាប្រជាពលរដ្ឋសុំអន្តរាគមន៍តាមទំព័រហ្វេសប៊ុក២០៤គណនី
ភ្នំពេញ៖ យ៉ាងហោចណាស់ម្ចាស់គណនីហ្វេសប៊ុកចំនួន២០៤គណនី ត្រូវបានក្រសួងមហាផ្ទៃជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគេ បន្ទាប់ពីបានផ្ញើចូលតាមរយៈទំព័រហ្វេសប៊ុកចំនួន២ដែលស្ថិតក្រោមដែនសមត្ថកិច្ចការទទួលខុសរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៣នេះ។
ចំពោះមតិយោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងទំព័រហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រយៈពេល៩ខែគិតពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៣កន្លងមកនេះ ត្រូវបានដោះស្រាយចំនួន ៥៩៦គណនី ក្នុងនោះ២៥៦គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។
ដោយឡែក ក្រុមការងារតាមដានការដោះស្រាយមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋក៏បានបញ្ជាក់ពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២កន្លងទៅនេះមានចំនួន ៣៥៤ គណនី។ បច្ចុប្បន្ននេះ ក្រុមការងារពាក់ព័ន្ធបានបន្តដំណើរការដោះស្រាយបានចំនួន១២៣គណនីបន្ថែមទៀត និងករណីកំពុងបន្តការដោះស្រាយមានចំនួន២៣១គណនី។
បន្ថែមក្នុងរឿងនេះ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថា ប្រភេទរឿងរ៉ាវដែលក្រសួងមហាផ្ទៃទទួលបានពីប្រជាពលរដ្ឋតាមរយៈទំព័រហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ហើយឈានទៅដោះស្រាយនោះ រួមមាន៖ ទី១.បញ្ហាទាក់ទងនឹងការផ្តល់សេវាសាធារណៈទូទៅ ទី២.ការងារទាក់ទងមន្រ្តីនគរបាល ទី៣.ការងារទាក់ទងអាជ្ញាធរដែនដី និងទី៤.ទាក់ទងវិស័យផ្សេងៗស្ថិតក្រោមអាជ្ញាធរថ្នាក់ក្រោមជាតិ។
លោកបណ្ឌិត ទូច សុខៈ ពន្យល់បន្ថែមថា រាល់សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃមានក្រុមការងារចាត់ចែងអង្កេត ស្រាវជ្រាវ តាមដានទៅលើបណ្តឹង មតិយោបល់ ឬសំណើរបស់ពលរដ្ឋក្រោយមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លើសពីនេះក្រសួងមហាផ្ទៃក៏តាមដានបណ្តាញសង្គមទូទៅ បូករួមទាំងសារព័ត៌មានវិជ្ជាវិជ្ជៈផ្សេងដែលផ្សព្វផ្សាយបញ្ហាធំៗទាក់ទងក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នោះក្រុមការងារនឹងត្រួតពិនិត្យរឿងរ៉ាវទាំងនោះ។
ផ្អែកតាមទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃដដែល ក៏មានផងដែរករណីមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដ្បិតករណីខ្លះមានភាពស្មុគស្មាញ និងត្រូវទាមទារពេលវេលាដោះស្រាយបន្ថែមដោយក្រុមការងារនៅតែបន្តប្រឹងប្រែងរួមគ្នាចូលរួមដោះស្រាយ។ ម្យ៉ាងទៀត ពាក់ព័ន្ធនឹងសំណូមពរ សំណួរ និងបញ្ហាដែលមិនស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រុមការងារបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធជំនួសវិញ។
សម្រាប់វឌ្ឍនភាពការងារនេះ ក្រសួងមហាផ្ទៃចាត់ទុកថា ជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារដែលបានអនុវត្តការងារតាមដាន ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុកកន្លងមក។
ការបង្កើតក្រុមការងារឆ្លើយតបមតិយោបល់ សំណូមពរ ឬបញ្ហានានារបស់ប្រជាពលរដ្ឋតាមរយៈទំព័រហ្វេសប៊ុកខាង លើនេះ ក្រសួងមហាផ្ទៃមានបំណងចូលរួមចំណែកដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ៕


Post a Comment