សង្វេគពេកក្រៃ! ក្មេងស្រី៣នាក់ទៅរាវចាប់ក្តាម ខ្យងរអិលជើងធ្លាក់ចូលប្រឡាយ លង់ស្លាប់ទាំង៣នាក់
បន្ទាយមានជ័យ ៖ ក្មេងស្រី៣នាក់នាំគ្នាទៅរាវចាប់ក្តាម ខ្យង រកបានហើយចុះងូតទឹកសម្អាតខ្លួន ជាអកុសលរអិលជើងធ្លាក់ចូលប្រឡាយ អ្នកភូមិទៅជួយមិនទាន់ បណ្តាលឱ្យលង់ស្លាប់ទាំង៣នាក់បងប្អូន ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្នុងប្រឡាយវាលស្រែស្ថិតក្នុង ភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ក្មេងដែលលង់ទឹកស្លាប់ទាំង៣នាក់រួមមាន ៖
ទី១ ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ ,ទី២ ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ , ទី៣ ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំ ។ ក្មេងទាំង៣នាក់ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាមការបំភ្លឺពីស្ត្រីឈ្មោះ វ៉ាន់ សុត អាយុ៦៩ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងរងគ្រោះ បានឱ្យដឹងថា ចៅៗរបស់គាត់ចំនួន៤នាក់បានសុំចេញទៅរើសចាប់ក្តាម ខ្យង នៅវាលស្រែចំងាយ ២០០ម៉ែត្រទី៣០ម៉ែត្រខាងជើងភូមិ តាំងពីវេលាម៉ោង១និង៣០នាទីរសៀលមកម្ល៉េះ លុះដល់ល្ងាច រៀបវិលមកផ្ទះទៅហើយ នាំគ្នាចុះងូតទឹកសម្អាតខ្លួន ស្រាប់តែជួបរឿងបែបនេះ លង់ទឹកស្លាប់៣នាក់ ម្នាក់ទៀតមិនបានចុះ ។
បើតាមក្មេងស្រីឈ្មោះ ស៊ុម សាវរី អាយុ១៣ឆ្នាំ បានឱ្យដឹងថា បន្ទាប់ពីដើររើស ចាប់ខ្យង ក្តាម បានហើយ ប្រឡាក់ភក់ រៀបវិលទៅផ្ទះ ក៏នាំគ្នាចុះងូតទឹកមាត់ប្រឡាយ សម្អាតកាយ ចំនួន៣នាក់ ចំណែករូបគេ នៅអង្គុយចាំខាងលើមាត់ប្រឡាយ ស្រាប់តែរអិលជើងធ្លាក់ចូលក្នុងប្រឡាយ កន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ ស្រែកហៅអ្នកភូមិ បងប្អូន ទៅដល់ឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។
សពក្មេងស្រីរងគ្រោះ ក្រោយពីសមត្ថកិច្ច ពិនិត្យកោសល្យវិច័យរួចបនរគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕


Post a Comment