អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អាជ្ញាធរ ភូមា​ចាប់ខ្លួន​​អ្នក​ឆបោក​អនឡាញបាន​៩៥នាក់ - Read News TV

អាជ្ញាធរ ភូមា​ចាប់ខ្លួន​​អ្នក​ឆបោក​អនឡាញបាន​៩៥នាក់

នៅ​សប្តាហ៍​នេះ ប៉ូលិស​ភូមា​ចាប់​ខ្លួន​មនុស្ស​បាន​៩៥​នាក់​ នៅក្រុង​រ៉ង់ហ្គូន ពី​បទ​ជាប់​សង្ស័យ​រកស៊ី​ឆបោក​តាម​បណ្តាញ​អ៊ីនធ័រនែត​។ នេះបើ​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​ភូមា​នៅល្ងាចថ្ងៃសុក្រ​ទី ២៧​តុលា​២០៣។

ជា​សរុបអាជ្ញាធរ​​ភូមា​ចាប់​ខ្លួន​​មនុស្សបាន​​៩៥​នាក់​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦​តុលា ភាគ​ច្រើន​ជា​ជនជាតិ​ភូមា​ ក្នុង​​ទីតាំង​បីកន្លែង​ផ្សេង​គ្នា​ នៅ​​​ក្រុង​រ៉ង់ហ្គូន​។ ក្នុង​ពេល​ចុះឆែកឆេរ​នោះ​ ប៉ូលិស​ក៏​រឹប​អូស​បាន​នូវ​ឡាន​មួយ​គ្រឿង កុំព្យូទ័រ​ ទូរស័ព្ទ​ដៃ​​ជា​ច្រើន​គ្រឿង ព្រមទាំង​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត ប៉ុន្តែជន​សង្ស័យ​ជា​​អ្នក​ទទួល​ខុស​ត្រូវ​​នៃ​បណ្តាញ​ឆបោក​នេះ​ បាន​គេច​ខ្លួន​រួច ពេល​ប៉ូលិសទៅ​ដល់​ផ្ទះ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​សឹកភូមា​ចេញ​ផ្សាយ​នៅ​ព្រលប់​ថ្ងៃ​សុក្រ​ទី ២៧​តុលា។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អាជ្ញាធរ​ភូមា​បាន​ប្រកាស​ចាប់​ខ្លួន​មនុស្ស​បាន​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅក្រុង​រ៉ង់ហ្គូន​អតីត​រដ្ឋធានី​នៃ​ប្រទេស ក្នុង​ក្របខ័ណ្ឌ​នៃប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រក​ស៊ី​ឆបោក​តាម​អនឡាញ។ ប្រតិបត្តិការ​ចាប់​ខ្លួនមុនៗ​ដៅ​ធ្វើ​តែ​នៅ​តាម​ព្រំដែន​ភាគ​ខាង​ជើង​ជាប់​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ ព្រោះ​ចិន​ជា​សម្ព័ន្ធមិត្ត​បាន​ដាក់​សម្ពាធ​លើ​ភូមា​​ឱ្យ​បិទ​បញ្ចប់​ការ​ឆបោក​តាម​អ៊ីនធ័រនែត​ដៅ​លើ​ពលរដ្ឋចិន។

នៅ​ភូមា បណ្តាញ​ឧក្រិដ្ឋ​ជន​ជាប់​ចោទ​ជា​អ្នក​ចាប់​ជំរិត​បរទេស ឬ​ទាក់​ជន​បរទេស​ឱ្យ​ចូល​មក​តំបន់​គ្មាន​ច្បាប់​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​ជើង​និង​ខាង​កើត​ភូមា​ រួច​ចាប់​បង្ខំ​ឱ្យ​ពួក​គេ​ឆបោកត​​​ទាក់​ជនរួម​ជាតិ តាម​បណ្តាញ​អ៊ីនធ័រណែត។ បណ្តាញ​ឧក្រិដ្ឋនេះ​ ទំនង​ទាក់ទាញ​ ចាប់​ និង​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ឱ្យ​រកស៊ី​ឆបោក​តាម​អនឡាញ។

បើ​តាម​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀននិង​ឧក្រិដ្ឋកម្ម ការ​ជួញដូរ​មនុស្ស​ក្នុង​កាស៊ីណូ​និង​ប្រតិបត្តិការ​ឆបោក​អនឡាញ​បានកើន​ឡើង​យ៉ាង​ខ្លាំង​នៅ​នៅ​ពេញ​តំបន់​អាស៊ីអាគ្នេយ៍ ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​តាម​បណ្តោយ​ទន្លេមេគង្គ និង​បាន​ផល​ចំណេញ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ ផល​ចំណេញ​ពី​របរ​ឆបោក​មាន​ទំហំ​ដល់​រាប់ពាន់​លាន​ដុល្លារ ស្ទើរ​ស្មើ​នឹង​ផលិតផល​ដុល​នៃ​ប្រទេសខ្លះ​នៅ​ក្នុង​តំបន់​ផង។

ជនរងគ្រោះ​បាន​អះអាង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា កម្ពុជា​ ថៃ​និង​ឡាវ ដោយ​លង់ជឿ​​នឹង​ពាក្យ​សន្យា​​ក្លែងក្លាយ បាន​ការងារធ្វើ​​មាន​ប្រាក់​ខែ​ខ្ពស់​ ឬ​ បាន​ជួប​គូស្នេហ៍​។​ តែពេល​ទៅ​ដល់​ត្រូវ​ជាប់ការ​បង្ឃាំង​​និង​រង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ឆបោក​ ទាក់​ជន​រួម​ជាតិ​ឯង​បន្ត​តាម​អន​ឡាញ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ​បាន​ប្រកាសនៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ​មាន​ពលរដ្ឋ​ខ្លួន​រង​គ្រោះជាប់​ក្នុង​បណ្តាញឆបោក​​នៅ​រដ្ឋ​Shanភាគ​ខាង​ជើង​ភូមា​ចំនួន​២១៩​នាក់ និង​សង្គ្រោះ​បាន​១៥៣​នាក់៕





Theme images by Radius Images. Powered by Blogger.