កម្ពុជាដាក់ចេញនូវផែនការកាត់បន្ថយឲ្យបាន៥០%បន្ថែមទៀតនៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅអំឡុង១០ឆ្នាំខាងមុខ
ភ្នំពេញ÷ កម្ពុជាបានប្ដេជ្ញាចិត្តនៅក្នុងការចូលរួមកាត់បន្ថយអត្រាអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០%បន្ថែមទៀត នៅអំឡុង១០ឆ្នាំខាងមុខ គិតចាប់ពីឆ្នាំ២០២១-២០៣០។ តួលេខកាត់បន្ថយ៥០%នេះត្រូវបានរំពឹងថានឹងសង្គ្រោះអាយុជីវិតមនុស្សប្រមាណជា ៦ ៤០៨នាក់ ពីគ្រោះថ្នាក់ចរាចរណ៍។ ក្ដីរំពឹងនេះផ្អែកតាមសូចនាករ នៃសៀវភៅផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ដែលបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ថ្លែងនៅចំពោះមុខអ្នកចូលរួមប្រមាណជា៣០០នាក់នៅក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកថា បច្ចុប្បន្នអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានឡើងមកលេខ១ អ្នកស្លាប់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះមកលេខ២ និងអ្នកស្លាប់ដោយសារអ្នកឆ្លងមេរោគអេដស៍ និងជំងឺអេដស៍លេខ៣។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឲ្យដឹងថា រយៈពេល១០ឆ្នាំកន្លងមកនេះគិតចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំកាត់បន្ថយអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានចំនួន ៤ ៥៦១នាក់ នៃចំនួន ៧ ៣៣៨នាក់ បានព្យាករទុកក្នុងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លុវគោកឆ្នាំ ២០១១-២០២០របស់ គ.ស.ច.គ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា រយៈពេល១០ឆ្នាំនេះ មានអ្នកស្លាប់សរុបចំនួន ១៩ ៩២៣នាក់ និងរបួសចំនួន ៤១ ១៥៤នាក់។ ចំនួនអ្នកស្លាប់ប្រចាំឆ្នាំមាននិន្នាការឡើងចុះចន្លោះពី ១ ៧៩៤នាក់ ទៅ ២ ២៣១នាក់។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃ គ.ស.ច.គ. បានបន្ថែមថា កត្តាដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានកត្តាមនុស្សចំនួន៩៦,៨% កត្តាយានយន្ដចំនួនចំនួន ២,៨% និងកត្តាបរិស្ថានផ្លូវចំនួន ០,៦%។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានលើកឡើងដែរថា ឆ្នាំនេះ មានអ្នកស្លាប់នៅលើដងផ្លូវប្រមាណជា ១,៣លាននាក់ នៅលើពិភពលោក ។ គ្រោះថ្នាក់ចរាចរណ៍ គឺបានឆក់អាយុជីវិតមនុស្សច្រើនជាងគេ ដោយនៅកម្ពុជា មានមនុស្សស្លាប់ប្រមានជា ជាង ១ ៧០០នាក់ នៅឆ្នាំ ២០២០ ។ ក្នុងចំណោមអ្នកគ្រោះថ្នាក់ចរាចរណ៍ មាន៨០% គឺជាអ្នកបើកបរម៉ូតូ ហើយស្ទើរជាងពាក់កណ្ដាលគឺជាយុវវ័យ ចន្លោះអាយុពី ១៥ឆ្នាំទៅ។
នៅឆ្នាំ២០១៩ជាឆ្នាំដែលមានកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ កម្ពុជាបានខាតបង់ថវិការអសប្រមាណជា ៤៦៦,៨លានដុល្លារ ស្មើនឹង១,៧% នៃផលិតផលក្នុងស្រុក។ ចំនួននេះមានការកើនឡើង៨៨% ធៀបនឹងឆ្នាំ២០១០ មានត្រឹមតែប្រមាណ២៤៨លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ការខាតបង់ថវិកានេះមិនបានរាប់បញ្ចូលពីផលវិបាកសង្គម ដូចជា ការបន្សល់ទុកនូវកុមារកំព្រា ស្រ្ដីមេម៉ាយ ជនមានពិការភាព និងទុរគតជន ដែលប៉ះពាល់ដល់កម្មវិធីនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានធ្វើការកត់សម្គាល់ដែរថា ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺមាន៨២% គឺជាម៉ូតូ។ នៅត្រង់ចំណុចនេះត្រូវមានវិធានការបន្ថែមទៀតទៅលើការផ្សព្វផ្សាយអប់រំ និងការជំរុញពាក់មួកសុវត្ថិភាពជាដើម ហើយគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មានចំនួន៥៤% កើតឡើងនៅពេលយប់។
ទាក់ទងទៅនឹងវិធានការទប់ស្កាត់អត្រាអ្នកស្លាប់និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ រាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការនៅផែនការជាតិទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលសៀវភៅមានកម្រាស់ជាង១០០ទំព័រ មានពីភាសាគឺភាសាខ្មែរ ៦០ទំព័រ និងភាសាអង់គ្លេស៦០ទំព័រ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាឯកសារគោលដ៏មានសារសំខាន់សម្រាប់តម្រង់ទិសការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យបានសម្រេចជោគជ័យតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាគោលដៅរួមរបស់អង្គការសហប្រជាជាតិដែលកំណត់ទិសដៅត្រូវកាត់បន្ថយដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឥ្យបានចំនួន៥០%ក្នុងរយៈពេល១០ឆ្នាំពីឆ្នាំ២០២១-២០៣០។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគ.ស.ច.គ. បានលើកឡើងថា ផែនការនេះគឺជាហេដ្ឋរចនាសម្ព័ន្ធទន់ដែលមានបំណងជាក់លាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។
ឯកឧត្តមបានបន្ថែមទៀតថា ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះដែរ ក្រសួងសាធារណការបានខិតខំអភិវឌ្ឍជាបន្ដបន្ទាប់នូវហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីឲ្យមានភាពស្របគ្នាដោយគិតមកដល់ពេលចប្ចុប្បន្នេះផ្លូវជាតិនិងផ្លូវខេត្តដែលត្រូវបានសាងសង់រួចមានចំនួន ៨៤៦ខ្សែ ប្រវែងសរុប ១៩ ៩៧៩គីឡូម៉ែត្រ។ ក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុងមានប្រវែង ១១ ២១៦គីឡូម៉ែត្រ។
ការចុះបញ្ជីយានយន្ដមានចំនួនជាង៧លានគ្រឿង ក្នុងនោះជាង១លានគ្រឿងជាប្រភេទរថយន្ដ និងជាង៥លានគ្រឿងជាប្រភេទម៉ូតូ។ បើគិតរយៈពេល៥ឆ្នាំចុងក្រោយនេះចំនួនយានយន្ដចុះបញ្ជីមានករកើនឡើងជាមធ្យម១១%ក្នុងមួយឆ្នាំ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា ។
ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍ទៀតថា បច្ចុប្បន្នេះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាននិងកំពុងខិតខំយុកចិត្តទុកដាក់ដោះស្រាយបន្ថែមតាមគ្រប់វិធីសាស្រ្ត។ ជាក់ស្ដែង ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបចំនូវកម្មវិធីដកពិន្ទុបណ្ណបើកបរដែលបានដាក់ឲ្យអនុវត្តសាកល្បងចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងបានដាក់ឲ្យអនុវត្តពេញលេញចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២៣ ដើម្បីបង្កើនប្រសិទ្ធភាពយន្ដការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែប្រសើរជាងមុនសំដៅរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានមួយកម្រិតទៀត។ កម្មវិធីនេះអនុញ្ញាតឲ្យនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិលើអ្នកដែលបានប្រព្រឹត្តខុសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ព្រមទាំងបង្កើនសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការគ្រប់គ្រងទិន្នន័យការពិន័យល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃ គ.ស.ច.គ. បានឡើងធ្វើរបាយការណ៍ថា ការដាក់ឲ្យដំណើរការជាផ្លូវការនៃផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ លោកជំទាវ មឹន មាណវី រំពឹងថា គោលនយោបាយនេះនឹងរួមចំណែកចូលរួមកាត់បន្ថយអត្រាអ្នកស្លាប់និងរបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លុវគោក រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ការជែកក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ក្នុងរយៈពេល១០ឆ្នាំពីឆ្នាំ ២០២១-២០៣០ឲ្យបាន៥០% ដោយសង្គ្រោមមនុស្សយ៉ាងហោចណាស់ ៦ ៤០៨នាក់។
សៀវភៅកម្រាស់ជាង១០០ទំព័រ ដែលមានពីរភាសាគឺភាសាខ្មែរ និងអង់គ្លេស ស្ដីពីផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ បានរំលេចនូវយុទ្ធសាស្រ្តសង្ខេបដើម្បីឲ្យផែនការកាត់បន្ថយអត្រាអ្នកស្លាប់និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទទួលបានជោគជ័យ គឺត្រូវកំណត់គោលដៅអាទិភាពតាមទីតាំងដែលមានអត្រាខ្ពស់នៃចំនួនអ្នកស្លាប់និងចំនួនអ្នករបួស រួមមាន រាជធានីភ្នំពេញ និងបណ្ដាខេត្តចំនួន១៥ គឺខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តព្រៃវែង…។ ទន្ទឹមនឹងនេះត្រូវកំណត់ពីមូលហេតុដែលបង្កឲ្យមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រឹវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនប្រកាន់ស្ដាំ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ ការមិនគោរពសញ្ញាចរាចរណ៍ និងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងក្នុងពេលបើកបរជាដើម។
លោកជំទាវ មឹន មាណវី បានបន្ថែមថា ឈើលើមូលដ្ឋានខាងលើ គឺផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ បានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៦ សសរស្ដម្ភ ក្នុងនោះមានសសរស្ដម្ភចំនួន៥ ស្របតាមសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលនិងសសរស្ដម្ភចំនួន១ (សសរស្ដម្ភទី២) ស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រទេសកម្ពុជារួមមាន៖
១.សសរស្ដម្ភទី១៖ ពង្រឹងយន្ដការគ្រប់គ្រងនិងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
២.សសរស្ដម្ភទី២៖ ពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
៣.សសរស្ដម្ភទី៣៖ ពង្រឹងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.សសរស្ដម្ភទី៤៖ ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់
៥.សសរស្ដម្ភទី៥៖ ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋមនិងសង្គ្រោះបន្ទាន់
៦.សសរស្ដម្ភទី៦៖ ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ដ
លោក គឹម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានកោតសរសើរចំពោះប្រទេសកម្ពុជា បានប្ដេជ្ញាចិត្ត និងកសាងគោលនយោបាយច្បាស់លាស់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ដើម្បីធ្វើឲ្យផែនការជាតិទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០ សម្រេចបានជោគជ័យ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំការងារបន្ថែមចំនួន៩ចំណុចក្នុងនោះរួមមាន៖
១.អនុគណៈកម្មាការទី១ អនុគណៈកម្មការទី២ ជាពិសេសអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់រាជធានី ខេត្ត ត្រូវរួសរាន់កសាងផែនការសកម្មភាព ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ តាមសេចក្តីណែនាំលេខ ០១៣/២៣ គ.ស.ច.គ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបានសុក្រឹត និងគ្រប់ជ្រុងជ្រោយ ស្រប តាមស្ថានភាពភូមិសាស្ត្រ ដោយត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងចាត់តាំង អនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព។
២.គ្រប់យន្តការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្កើនសុវត្ថិភាព ចំពោះអ្នក ជិះទោចក្រយានយន្តដែលមានស៊ីឡាំង១២៥សេសេចុះក្រោម ដែលជាជនរងគ្រោះថ្នាក់ យ៉ាងច្រើនលើសលប់ដល់ទៅ៨០% នៃជនរងគ្រោះសរុប តាមរយៈបង្កើនការផ្សព្វផ្សាយ អប់រំច្បាប់ ការរឹតបន្តឹងការគោរពអនុវត្តច្បាប់ ខិតខំបំផុសលើកទឹកចិត្តការប្រើប្រាស់ មធ្យោបាយសាធារណៈជំនួស និងវិធានការចាំបាច់ផ្សេងទៀតដែលមានប្រសិទ្ធភាព។ នៅបណ្តាប្រទេសដែលប្រើទោចក្រយានយន្តតិច អត្រាស្លាប់និងរបួសដោយគ្រោះថ្នាក់ ចរាចរណ៍ក៏មានចំនួនតិចផងដែរ។
៣.បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងគុណភាពនៃសាលាបង្រៀនបើកបរ រថយន្តគ្រប់ប្រភេទ និងទោចក្រយានយន្តដែលមានស៊ីឡាំង លើស១២៥សេសេ និង បន្តពង្រឹងគុណភាពនៃការប្រឡងផ្ដល់បណ្ណបើកបរតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន គណនេយ្យភាព និងតម្លាភាព។
៤.បន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព ប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់ ដោយពង្រឹងវិន័យ ក្រមសីលធម៌ សមត្ថភាពជំនាញដល់មន្ត្រី និងបំពាក់ឧបករណ៍បច្ចេក ទេសប្រតិបត្តិការ សំដៅបំបាត់រាល់ការខុសឆ្គងរបស់មន្ត្រី និងការថ្នាំងថ្នាក់របស់ប្រជា ពលរដ្ឋ ព្រមទាំងការជួយលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ ក្នុងការបង្ការទប់ស្កាត់ បទល្មើសចរាចរណ៍ និងខិតខំជំរុញការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានជាប់ ជាប្រចាំ ដើម្បីលើកកម្ពស់ការចូលរួមគោរពអនុវត្តច្បាប់ សំដៅកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍កាន់តែល្អប្រសើរ។
៥.បន្តខិតខំបំពាក់បរិក្ខារសុវត្ថិភាពផ្លូវ ផ្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញា ឱ្យបាន គ្រប់គ្រាន់ ពិសេសនៅរាជធានីភ្នំពេញនិងបណ្តាខេត្តគោលដៅទេសចរណ៍។ បន្តខិតខំ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ តាមទីក្រុង និងទីប្រជុំជន ការអភិវឌ្ឍន៍ចំណតយានយន្ត សាធារណៈ និងការចលនាវិស័យឯកជន ឱ្យចូលរួមវិនិយោគអភិវឌ្ឍន៍ចំណតយានយន្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមទីក្រុងឬទីប្រជុំជន។ ជាមួយនេះ បន្តខិតខំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការដឹកជញ្ជូន ឱ្យមានស្តង់ដាសុវត្ថិភាព។
៦.បន្តខិតខំបំពាក់បច្ចេកវិទ្យាឌីជីថល ដើម្បីធានាភាពងាយស្រួល គណនេយ្យភាព តម្លាភាព ក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
៧.បន្តពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការបកស្រាយ ឆ្លើយតបទាន់ពេលវេលា សំដៅកាត់បន្ថយទស្សនៈភ័ន្តច្រឡំពីសាធារណជន និងបន្សាប ឥទ្ធិពលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម។
៨.ទន្ទឹមនឹងបំពេញការងារសុវត្ថិភាពចរាចរណ៍ ស្នើឯកឧត្តម លោកជំទាវ អភិបាល រាជធានី ខេត្ត ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព ដោយជំរុញបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនូវអំពើជួញដូរ និងប្រើប្រាស់ គ្រឿងញៀន និងអំពើល្មើសផ្សេងទៀតដូចជា លួចឆក់ ក្មេងទំនើង ល្បែងស៊ីសង ជួញ ដូរមនុស្សដែលជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
៩.ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានសំណូមពរដៃគូជាតិ អន្តរជាតិ វិស័យឯកជន បន្តចូលរួមសហការគាំទ្រ ការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព តាម យុទ្ធសាស្ត្រឬផែនការសកម្មភាពណាមួយ ដោយផ្ដល់ការឆ្លើយតបនៅពេលនេះ ឬអាច ពិចារណាផ្តល់ព័ត៌មានអំពីការសម្រេចចិត្តក្នុងការគាំទ្រមកកាន់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈអគ្គលេខាធិការដ្ឋាន គ.ស.ច.គ នៅពេលខាង មុខក៏បាន។ គ.ស.ច.គសូមស្វាគមន៍នូវស្មារតីសហការគាំទ្រប្រកបដោយសប្បុរសធម៌ ជាមួយការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងចងចាំគុណបំណាច់ដ៏ថ្លៃថ្លានេះ៕



























Post a Comment