អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្នងការភ្នំពេញនឹងស្រាវជ្រាវករណីបែកធ្លាយលិខិតស្នាមមេដៃនគរបាលខណ្ឌកំបូល៤៩នាក់ប្តឹងមិនពេញចិត្តការដឹកនាំរបស់អធិការខណ្ឌកំបូល - Read News TV

ស្នងការភ្នំពេញនឹងស្រាវជ្រាវករណីបែកធ្លាយលិខិតស្នាមមេដៃនគរបាលខណ្ឌកំបូល៤៩នាក់ប្តឹងមិនពេញចិត្តការដឹកនាំរបស់អធិការខណ្ឌកំបូល

ភ្នំពេញ៖ តបនឹងសំនួររបស់សារព័ត៌មានត្រយងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ស្នងការនឹងបន្តស្រាវជ្រាវករណីបែកធ្លាយលិខិតប្តឹងមិនពេញចិត្តការដឹកនាំរបស់អធិការខណ្ឌកំបូលនេះ ខណៈករណីនេះ​ធ្លាប់បានដោះស្រាយចប់សព្វគ្រប់រួចមកហើយ។

លោក​ សំ វិច្ឆិកា បញ្ជាក់ថា លិខិតភ្ជាប់ជាមួយស្នាមផ្តិតមេដៃរបស់មន្រ្តីនគរបាលចំនួន ៤៩នាក់នៅខណ្ឌកំបូលនេះ បានប្តឹងមក ស្នងការរាជធានីភ្នំពេញកាលពីខែកញ្ញាឆ្នាំ២០២៣អំឡុងពេលឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទើបមកកាន់តំណែងថ្មីៗ។ លោកបន្ថែមថា ក្រោយទទួលបានប្តឹង ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានដឹកនាំកិច្ចសំណេះសំណាល ពិភាក្សាកិច្ចការផ្ទៃក្នុង និងចង្អុលបង្ហាញកិច្ចការងារដើម្បីផ្សះផ្សាដោះស្រាយបញ្ហានានា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីកិច្ចសម្របសម្រួលលោក សំ វិច្ឆិកា បញ្ជាក់ថា បញ្ហានេះក៏មានភាពស្ងប់ស្ងាត់វិញ រហូតមកទល់ពេលបែកធ្លាយលិខិតស្នាមមេដៃនេះលើបណ្តាញសង្គមថ្មីៗនេះ។​

អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសង្កត់ធ្ងន់ថា ករណីនេះស្នងការនឹងស្រាវជ្រាវរកមុខជនដែលទម្លាយលិខិតនេះជាសាធារណៈ ព្រោះការបង្ហាញឯកសារសម្ងាត់របស់មន្រ្តីនគរបាលបែបនេះគឺជាអំពើល្មើសច្បាប់។

សូមរំលឹកបន្តិចថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣នេះ មន្រ្តីនគរបាលខណ្ឌកំបូល៤៩នាក់ មានឋានៈតួនាទីពីមន្ត្រី នាយរងផ្នែក នាយរងប៉ុស្ដិ៍ នាយផ្នែក នាយប៉ុស្ដិ៍ អធិការរង បានផ្តិតស្នាមមេដៃដោយបានបង្ហាញខ្លឹមសារពីភាពមិនប្រក្រតីមួយចំនួនរបស់ វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល។ លិខិតកម្រស់បីទំព័របានរៀបរាប់បង្ហាញពីការប្រព្រឹត្តិពាក់ព័ន្ធការទទួលសំណូកសូកប៉ានជាថ្នូរនឹងការផ្តល់តួនាទីដោយឯកកច្ឆ័នពីសំណាក់វរសេនីយ៍ឯក ហុង ពិសិដ្ឋ។ មួយទៀតដែរ លិខិតក៏បានបញ្ជាក់ថា វរសេនីយ៍ឯក ហុង ពិសិដ្ឋ បានបង្ខិតបង្ខំដាក់គំនាបឱ្យមន្រ្តីក្រោមឱវាទឱ្យធ្វើសកម្មភាពការងារផ្នែកព្រហ្មទណ្ឌ ផ្នែកចរាចរណ៍ ផ្នែកគ្រឿងញៀន ផ្នែកអន្តោប្រវេសន៍ និងផ្នែកសន្តិសុខ ធ្វើយ៉ាងប្រមូលប្រាក់ឱ្យបានតាមការដាក់កំហិត។

លិខិតរបស់មន្រ្តីនគរបាលប្តឹងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ ពីភាពមិនប្រក្រតីនានា។រូបភាពបែកធ្លាយ


ក្នុងលិខិតក៏បានបង្ហាញករណីជាច្រើនទៀតដែលលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូលបានប្រព្រឹត្តិពុករលួយករណីទទួលសំណូកជាថ្នូរនឹងការដោះលែងអ្នកបង្កបទល្មើសដូចជា ករណីលួច ឆក់ ករណីនេសាទខុសច្បាប់ ករណីដោះលែងអ្នកពាក់ព័ន្ធគ្រឿងញៀនជាដើម។

ឈ្មោះនិងស្នាមមេដៃរបស់មន្រ្តីនគរបាលប្តឹង។រូបភាពបែកធ្លាយ


ទាក់ទងរឿងនេះ លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានប្រាប់សារព័ត៌មានត្រយង តាមទូរសព្ទនៅព្រឹកថ្ងៃទី ៧ ខែធ្នូ ថា ការប្រមូលស្នាមមេដៃនិងការចោទប្រកាន់ខាងលើ លោកនៅមិនទាន់ទទួលបានព័ត៌មាននិងបានឃើញលិខិតនៅឡើយទេ។ យ៉ាងណាលោកបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់លោក ដោយលោកថា រាល់ថ្ងៃនេះលោកបានបំពេញទៅតាមតួនាទីភារកិច្ច និងតាមនីតិវិធី អ្វីដែលសំខាន់គឺធ្វើយ៉ាងណាបម្រើការពារសន្ដិសុខជូនប្រជាពលរដ្ឋ។

លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ។រូបភាពពីហ្វេសប៊ុកស្នងការកំបូល


ចំណែកលោក ភិន ភាព នាយប៉ុស្តិ៍កំបូលនិងជាអ្នកផ្តិតមេដៃមួយរូបផងប្រាប់ថា រឿងនេះបានដោះស្រាយចប់សព្វគ្រប់រួចហើយដោយលោកក៏ពុំច្បាស់ថានរណាជាអ្នកទម្លាយលិខិតនេះជាផ្លូវការនោះទេ។ លោក ភិន ភាព ក៏មិនបរិយាយច្រើននោះទេពីផ្លាស់ប្តូរឥរិយាបថរបស់លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ក្រោយមានការសម្របសម្រួលពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ៕

Theme images by Radius Images. Powered by Blogger.