អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ពីករណីចាប់ចងបុគ្គលម្នាក់ដែលជាអតីតអ្នកសារព័ត៌មាន - Read News TV

រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ពីករណីចាប់ចងបុគ្គលម្នាក់ដែលជាអតីតអ្នកសារព័ត៌មាន

ក្រោយមានការបង្ហោះ និងចែកចាយតាមបណ្តាញសង្គម នូវរូបភាពវីដេអូដែលបុរសម្នាក់ត្រូវបានមនុស្សមួយក្រុម ចាប់ចងដៃចងជើងទាំងពីរក្នុងស្ថានភាពគ្មានអាវ ខ្លួនប្រឡាក់ដី និងស្លៀកខោជើងខ្លី រួចមករដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា ករណីនេះគឺជាបញ្ហាជម្លោះកើតឡើងរវាងបុគ្គល និងបុគ្គល ពុំមានពាក់ព័ន្ធនឹងសមត្ថកិច្ចនគរបាលទៅចាប់ចងបុគ្គលឈ្មោះ អ៊ឹម ហាច ឡើយ។ ផ្ទុយទៅវិញសមត្ថកិច្ចនគរបាលកំពុងធ្វើការងារប្រមូល និងចងក្រងសំណុំរឿងដើម្បីផ្តល់នូវយុត្តិធម៌ជូនភាគីទាំងសងខាង។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ករណីមានបុរសម្នាក់ត្រូវបានគេចាប់ចងដៃចងជើងទាំងពីរក្នុងស្ថានភាពគ្មានអាវ ខ្លួនប្រឡាក់ដី និងស្លៀកខោជើងខ្លីនេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី នៅភូមិប៉ាណា ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយជនត្រូវបានគេចងឈ្មោះថា អ៊ឹម ហាច ភេទប្រុស អាយុ ៣៧ឆ្នាំ បានអះអាងថាខ្លួនជាភ្នាក់ងារសារព័ត៌មាន “សានព្រហ្ម”។ ចំណែកភាគីអ្នកចាប់ចង គឺជាភាគីប្រជាពលរដ្ឋដែលមានឈ្មោះ ១. សោ ចាន់ណារី ភេទប្រុស អាយុ២៨ឆ្នាំ, ២. ឈ្មោះម៉ោង គីមហ៊ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ, ៣. ឈ្មោះអួន គឹមអាង ភេទប្រុស អាយុ ៣២ឆ្នាំ និង៤. ឈ្មោះអឹម ផែន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

រដ្ឋបាលខេត្តបញ្ជាក់ថា ចំពោះដើមហេតុនៃរឿងនេះគឺបុគ្គលឈ្មោះ អ៊ឹម ហាច បានចោទប្រកាន់ភាគីប្រជាពលរដ្ឋថា បានគុំខឹងនឹងខ្លួនដែលបានថតផ្សាយវីដេអូដឹកឈើតាំងពីពេលថ្ងៃ ហើយដល់ពេលយប់បានតាមដេញផ្ដួលម៉ូតូ និងចាប់ចងគាត់នៅចំណុចផ្ទះលក់គ្រឿងសំណង់យីហោ លី សេងហុង។ ប៉ុន្តែ តាមការបំភ្លឺរបស់ប្រជាពលរដ្ឋទាំង០៤រូប គឺបានបញ្ជាក់ថា ឈ្មោះ អ៊ឹម ហាច បានចូលក្នុងផ្ទះរបស់ពួកគេដោយគ្មានការអនុញ្ញាតនៅចន្លោះម៉ោង ២២:០០នាទី ទៅម៉ោង២៣:០០នាទីយប់នាថ្ងៃ ខែ ឆ្នាំដដែល ដោយបានធ្វើសកម្មភាពថតទីកន្លែងទុកដាក់ឈើ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា ចំពោះករណីដឹកឈើដែលជាកម្មវត្ថុក្នុងការផ្សាយរបស់លោក អ៊ឹម ហាច គឺជាឈើដែលប្រជាពលរដ្ឋបានទិញពីដេប៉ូស្របច្បាប់ (ច្បាប់អនុញ្ញាតរបស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លេខ ២១/២៣ ខរព/កច ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣) ក្នុងគោលបំណងសាងសង់លំនៅឋាន ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ យ៉ាងណាមិញ បុគ្គលឈ្មោះ អ៊ឹម ហាច បានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងបរិវេណគេហដ្ឋានរបស់ភាគីប្រជាពលរដ្ឋ ដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ជាការកត់សម្គាល់ បុគ្គលឈ្មោះ អ៊ឹម ហាច ធ្លាប់ជាអ្នកសារព័ត៌មាននៅក្នុងស្ថាប័នមួយ តែត្រូវបានអង្គភាពបញ្ឈប់ចេញពីអង្គភាពកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមការបញ្ជាក់របស់ក្រសួងព័ត៌មា នគឺមកដល់ពេលនេះ បុគ្គលឈ្មោះ អ៊ឹម ហាច ពុំមានការចុះបញ្ជីជាភ្នាក់ងារសារព័ត៌មានផ្លូវការ នៅស្ថាប័នសារព័ត៌មានណាមួយឡើយ។ សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម បានស្នើឱ្យសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំបន្តបង្ហោះ និងចែកចាយអត្ថបទ និងរូបភាពណាមួយដែលនាំឱ្យមានការយល់ច្រឡំ ឬរំខានដល់ការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចតទៀត៕

Theme images by Radius Images. Powered by Blogger.