អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យ​ទេសចរណ៍​ជាវិស័យអាទិភាព និង ជា «មាសបៃតង» - Read News TV

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យ​ទេសចរណ៍​ជាវិស័យអាទិភាព និង ជា «មាសបៃតង»

 កែប៖ នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យ​ទេសចរណ៍​នាំ​ឱ្យ​មានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យ​ទេសចរណ៍​បណ្តាល​ឱ្យ​វិស័យដទៃៗទៀត​មានការរីកចម្រើនផងដែរ (៣) វិស័យទេសចរណ៍ជួយ​លើក​កម្ពស់​កិត្តិនាម​រប​ស់​ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋានគោលដៅនានា តាមរយៈការបង្កើនភាពជឿជាក់ និង​ទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង» ដែល​រួម​ចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយ​បង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បី​ទាក់​ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ធានា​បាននូវ​ការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំ​ចេញ​នៅ​នឹង​កន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និង​ការ​ការ​ពារ​បរិស្ថាន, ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់ រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង​ឈាន​ទៅ​សម្រេច​បាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

សម្តេចធិបតី ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែល​មិន​ត្រឹម​តែ​រួម​ចំណែក​ដល់​ការ​ផ្សព្វ​ផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។ ការ​អភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែ​យើងត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និង​ការ​គ្រប់​គ្រង​ឱ្យ​បាន​ម៉ត់ចត់។ ជាមួយគ្នានោះ សម្តេច ក៏បានផ្តល់នូវអនុសាសន៍​មួយចំ​នួន​សម្រាប់​ក្រសួង​-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តដូចជា៖ (១) បន្តថែរក្សា​បរិយាកាស​សុខសន្តិភាព​ពាស​ពេញ​ផ្ទៃ​ប្រទេស​ឱ្យ​បានឋិតឋេរយូរអង្វែង (២) សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តំបន់​ឆ្នេរ​សមុទ្រទាំង៤ រួមគ្នារក្សាឱ្យ​បាន​នូវ​កិត្តិនាម​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក ឱ្យស័ក្តិសមជា «តារារះនាទិសនារតី» (៣) បន្តផ្តល់អាទិភាព​ដល់​ការ​អភិវ​ឌ្ឍ​តំបន់​ឆ្នេរ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ (៤) បន្តជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់ទេសចរ សម្រាប់ជំរុញ «ការនាំចេញនៅនឹងកន្លែង» (៥) បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង​សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ និងមិនត្រូវ​ធ្វើ​ឱ្យ​តំបន់​គោល​ដៅ​ទេសចរណ៍ ក្លាយជាតំបន់ជ្រកកោននៃការប្រើប្រាស់គ្រឿងញៀន និងអំពើឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ឡើយ​។

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ទេសចរណ៍, គណៈកម្មការអន្តរក្រសួង, រដ្ឋបាលខេត្តកែប, កង​កម្លាំងប្រដាប់អាវុធ, សហភាពសហព័ន្ធយុវជនកម្ពុជា, វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបាន​ចូល​រួម​សហការ​គ្នា​យ៉ាង​ល្អ​ប្រសើរ និងបានធ្វើឱ្យការរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ដ៏មានសារៈសំខាន់នេះ ប្រព្រឹត្ត​ទៅ​ដោយភាពអធិកអធម និងរលូនតាមការគ្រោងទុក៕






Theme images by Radius Images. Powered by Blogger.