អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឃាតកសម្លាប់សង្សារ ក្រោយចូលសារភាពកំហុសនៅចំពោះមុខនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបាននាំខ្លួនមកដល់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ - Read News TV

ឃាតកសម្លាប់សង្សារ ក្រោយចូលសារភាពកំហុសនៅចំពោះមុខនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបាននាំខ្លួនមកដល់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ក្រោយពីការចូលសារភាពនូវកំហុសរបស់ខ្លួន បន្ទាប់ពីការប្រហារជីវិតសង្សារ ដោយយកខ្នើយខ្ទប់ច្រមុះ និងច្របាច់ក រួចយកទៅចងព្យួរក នៅមាត់ទ្វារបន្ទប់ទឹក ក្នុងបន្ទប់ជួលរួចមក ឃាតកត្រូវបានសមត្ថកិច្ចនាំខ្លួនមកដល់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនដៃដល់ខាងលើឈ្មោះ ភុំ ផា អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិអូរគគីកណ្ដាល ឃុំលំលង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងបានស្នាក់នៅបន្ទប់លេខ៣៧ ជាន់ទី១ ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ។

ជននេះបានសម្លាប់ស្រ្តីកម្មការិនី ដែលជាសង្សារបស់ខ្លួន ឈ្មោះ សុីម រ៉ាឌី អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ហើយមុនពេលស្លាប់នាងស្នាក់នៅផ្ទះជួល ជាមួយម្ដាយជាស្រីមេម៉ាយ នៅក្នុងភូមិកើតហេតុខាងលើ ហើយគាត់មានតែកូនស្រីម្នាក់នេះគត់។

ឃាតករូបនោះបានសារភាពថា ខ្លួនពិតជាបានសម្លាប់នាងជាសង្សារប្រាកដមែន ដោយសារតែខឹងនាងបែកចិត្តទៅមានអ្នកថ្មី ហើយសុំខ្លួនបែកព្រមទាំងផ្ដាច់ទំនាក់ទំនងជាមួយខ្លួន មួយរយៈពេលមកហើយ។ ខ្លួនបានសម្លាប់នាងកាលពីវេលាយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលខាងលើ ដោយនៅពេលនោះខ្លួនបានសុំឆែកមើលទូរស័ព្ទរបស់នាង ប៉ុន្តែនាងមិព្រមឲ្យមើល ក៏បានកើតរឿងឈ្លោះប្រកែកគ្នាឡើង។

ខណៈនោះខ្លួនក៏បានរុញច្រាននាងបណ្ដាលឲ្យដួល រួចយកខ្នើយខ្ទប់ច្រមុះ និងច្របាច់ ក រហូតដល់នាងដាច់ខ្យល់ស្លាប់ រួចបានយកសពនាងចង-ក ព្យួរជាប់មាត់ទ្វារបន្ទប់ទឹក ដើម្បីបំភាន់ថានាងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន។ បន្ទាប់មកខ្លួនបានដេកនៅក្នុងបន្ទប់កើតហេតុនោះ រហូតដល់ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ទើបខ្លួនចេញពីក្នុងបន្ទប់ រួចបានចាក់សោទ្វារពីខាងក្រៅរួចរាល់ ក៏បានគេចខ្លួនទៅកាន់ខេត្តឧត្តរមានជ័យ។

នគរបាលបានប្រាប់ទៀតថា ខេត្តឧត្ដរមានជ័យជាស្រុកកំណើតរបស់ខ្លួន ហើយខ្លួនបានស្នាក់នៅទីនោះមួយយប់ គិតរកកន្លែងគេចខ្លួនបន្ត លុះដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចចិត្តចាកចេញពីស្រុកកំណើត រួចធ្វើដំណើរមកស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពេលទៅដល់មានអារម្មណ៍មិនស្ងប់ ហើយមិនដឹងថា ត្រូវគេចខ្លួនទៅណាបន្តទៀតនោះ ទើបនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ក៏ចូលទៅកាន់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ សារភាពពីកំហុសចំពោះមុខនគរបាលតែម្ដង៕



Theme images by Radius Images. Powered by Blogger.