បុរសចំណាស់ម្នាក់ ជិះកង់ត្រឡប់មកពីដើរលក់ការ៉េមវិញ សង្ស័យងងឹតមុខ រេចង្កូត ធ្លាក់ចូលប្រឡាយ គ្មានទឹក ស្លាប់
ភ្នំពេញ៖ បុរសចំណាស់ម្នាក់ ខណៈកំពុងជិះកង់ត្រឡប់មកពីដើរលក់ការ៉េមវិញសុខៗ សង្ស័យតែមានអាការៈមិនស្រួលខ្លួន ហើយងងឹតមុខ ក៏ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយគ្មានទឹក។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ គឺស្គាល់តែមុខប៉ុណ្ណោះ ហើយបើតាមការប៉ាន់ស្មានគាត់មានវ័យប្រមាណជាង ៦០ឆ្នាំទៅហើយ។កន្លងមក អ្នកភូមិតែងតែបានឃើញគាត់ជិះកង់ដឹកធុងការ៉េមដើរលក់ពីភូមិមួយ ទៅភូមិមួយ និងពីតំបន់មួយទៅតំបន់មួយទៀត រាល់ថ្ងៃ ដូច្នេះហើយទើបស្គល់តែមុខមិនស្គាល់ឈ្មោះ។ ម្យ៉ាងទៀតភាគច្រើន គាត់បានចេញលក់នៅវេលាព្រឹក ហើយរហូតដល់វេលាល្ងាច ទើបឃើញជិះកង់ត្រឡប់មកវិញហើយ ប៉ុន្តែអត់មាននរណា បានដឹងថា គាត់ស្នាក់នៅកន្លែងណានោះឡើយ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ដោយឡែក នៅវេលាល្ងាចថ្ងៃកើតហេតុខាងលើ គេបានឃើញគាត់ជិះកង់ត្រឡប់មកពីដើរលក់នៅទីឆ្ងាយវិញ ហើយខណៈនោះទំនងជានៅសល់ការ៉េមលក់មិនទាន់អស់។ ទើបគាត់ធាក់កង់បណ្ដើរ អង្រួនកណ្ដឹងលក់ការ៉េម បណ្ដើរតាមផ្លូវខ្នងប្រឡាយ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ សង្ស័យគាត់មានអាការៈមិនស្រួលខ្លួនអាចងងឹតមុខ ក៏ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទាំងកង់ទាំងមនុស្ស ហើយបានស្លាប់ភ្លាមៗតែម្ដង។
ប្រភពខាងលើ បានបញ្ជាក់បន្ថៃមទៀតថា ពេលនោះអ្នកនៅជិតកន្លែងកើតហេតុបានរត់ទៅជួយដែរ ប៉ុន្តែមិនអាចជួយទាន់ឡើយ ព្រោះគាត់បានស្លាប់លឿនបំផុតតែមួយភ្លែតប៉ុណ្ណោះ ក៏ស្លាប់បាត់ទៅហើយ។ក្រោយពេលកើតហេតុអ្នកភូមិបានរាយការណ៍ប្រាប់អាជ្ញាធរ និងនគរបាលប៉ុស្តិ៍កាកាបទី២ ព្រមទាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅពនិត្យមើល។


Post a Comment