ចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាម ២នាក់ និងរឹបអូសថ្នាំញៀន ២០គីឡូក្រាមករណីជួញដូរគ្រឿងឆ្លងដែន
ព្រះសីហនុ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន (ចូលពីឡាវមកកម្ពុជា) ដោយរឹបអូសបានថ្នាំញៀនប្រមាណ ២០គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម២នាក់ នៅចំណុចមុខសណ្ឋាគារ The Palm Bay Resort នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ការចុះបង្ក្រាបនេះដោយកម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០៖៣០នាទី។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ LO TUAN HANH ឬ TRAN TUAN THANH ភេទប្រុស ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C5968845 និងឈ្មោះ CHUNG DUONE ភេទប្រុស ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C8603967។
ប្រតិបត្តិការបង្រ្កាបនេះចាប់យកវត្ថុតាង សារធាតុញៀនហេរ៉ូអ៊ិន (HEROIN) ៦០ដុំ ស្មើទម្ងន់ ២០គីឡូក្រាម។ដោយឡែក ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
Post a Comment