អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! តុលាការ ខេត្តសៀមរាប សម្រេចដោះលែង​បុរសភ្នាក់ងារ​អាជ្ញាធរជាតិអប្សរា ២​នាក់ ដែលវាយក្មេងចាប់អណ្តើកលក់ នៅអង្គរវត្ត​ - Read News TV

តុលាការ ខេត្តសៀមរាប សម្រេចដោះលែង​បុរសភ្នាក់ងារ​អាជ្ញាធរជាតិអប្សរា ២​នាក់ ដែលវាយក្មេងចាប់អណ្តើកលក់ នៅអង្គរវត្ត​

ខេត្តសៀមរាប៖ អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់ ២នាក់​ នៃអាជ្ញាធរជាតិអប្សរា ដែលបានវាយលើ​ក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណកសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ តុលាការខេត្តសៀមរាប បានសម្រេច អនុញ្ញាត​ឱ្យ​ជនសង្ស័យ​ទាំងពីរនាក់ វិលត្រឡប់​ទៅផ្ទះវិញ ជាបណ្តោះអាសន្ន។ ដោយឡែកសំណុំរឿងនេះ តំណាងអយ្យការ នឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់។​

ការសម្រេចមិនឃុំខ្លួនបុរសភ្នាក់ងារអាជ្ញាធរអប្សរាទាំង ២នាក់នោះ ត្រូវបានអ្នកនាំពាក្យតុលាការ ខេត្តសៀមរាប លើកហេតុផល ៥ចំណុច រួមមាន៖ ១-បុរសសង្ស័យ​ទាំងពីរនាក់ បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត​ និងទទួលស្គាល់​ថាជាកំហុស​របស់ខ្លួន ដែលបានវាយ​ទៅលើជន​រងគ្រោះ ឈ្មោះ ណុល សំណាង។ ២-បុរសទាំង ២ បានធ្វើការសុំទោសដល់អាណាព្យាបាល​ និងជនរងគ្រោះ។ ៣-បុរសទាំង ២ បានសងសំណង​សមរម្យដល់​ជនរងគ្រោះ ហើយជនរងគ្រោះ បានដកពាក្យបណ្តឹង និងឈប់ប្តឹង​ក្នុងរឿងនេះ តទៅទៀត។ ៤-មានមេធាវី បានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់​ជនសង្ស័យ ថានឹងចូល​ខ្លួនមកវិញ នៅគ្រប់ដំណាក់​កាល នីតិវិធីរបស់តុលាការ។ ៥-ជនសង្ស័យ​ទាំងពីរ មានប្រពន្ធ និងកូនតូចៗ ក្នុងបន្ទុក​ជាច្រើន​នាក់ ដែលត្រូវមើលថែរក្សា។
អ្នកនាំពាក្យតុលាការ ខេត្តសៀមរាប ក៏បានបន្ថែមថា ផ្នែក​តាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្តុតាង​នានា ក្នុងសំណុំរឿងអយ្យការ​អមសាលាដំបូង ខេត្តសៀមរាប ឃើញថា ករណីនេះ ជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិន​បង្កឱ្យ​មានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ ដល់ជនរងគ្រោះឡើយ​។
អ្នកនាំពាក្យតុលាការខេត្តសៀមរាប បានប្រកាសថា ករណី​បុរស​ភ្នាក់ងារអាជ្ញាធរអប្សរា ២នាក់ វាយលើ​ក្មេងប្រុសម្នាក់ បានកើតឡើង កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ក្នុងរឿងនោះ ជនរងគ្រោះ មានឈ្មោះ ណុល សំណាង អាយុ ២០ឆ្នាំ។ រីឯភ្នាក់ងារអាជ្ញាធរ​អប្សរា មានឈ្មោះ សុខ សឿន អាយុ ២៣ឆ្នាំ​ និងឈ្មោះ ហៃ រដ្ឋា អាយុ ៣១ឆ្នាំ​។
ក្រោយ​វិដេអូខ្លីប ដែលគេថត​បង្ហោះតាមហ្វេសប៊ុក បុរសភ្នាក់ងារ​អាជ្ញាធរអប្សរា ទាំង ២នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រោយ​ពីអាជ្ញាធរអប្សរា បានអប់រំ និងដាក់ពិន័យរដ្ឋបាល លើបុរសទាំងពីរ​នាក់​ ហើយត្រូវបានមហាជន​រិះគន់នឹងចំណាត់ការនោះ​។
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ប៉ូលិស បានបញ្ជូន​ជន​សង្ស័យទាំង ២នាក់ ទៅកាន់តុលាការ ខេត្តសៀមរាប៕







Theme images by Radius Images. Powered by Blogger.