រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បង្ហាញយុទ្ធនាការចំនួនពីរជំរុញពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌និងគុណភាពនៃយុត្តិធម៌
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានបង្ហាញលម្អិតពីយុទ្ធនាការសំខាន់ៗចំនួនពីររបស់ក្រសួងយុត្តិធម៌ដើម្បីធ្វើយ៉ាងណា ពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌និងគុណភាពនៃយុត្តិធម៌ ស្របតាមអនុសាសន៍របស់នាយករដ្ឋមន្រ្តីដែលជំរុញ គោលការណ៍នីតិរដ្ឋ និង យុត្តិធម៌នៅក្នុងសង្គមជាតិ។ ការបង្ហាញរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះធ្វើឡើងនៅក្នុងសន្និសទីសារព័ត៌មាននៅទីស្ដីការក្រសួងយុត្តិធម៌។
យុទ្ធនាការចំនួនពីរ ដែលលោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ធ្វើបទបង្ហាញនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នោះរួមមាន៖ ទី១៖យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស និងងាយស្រួល។ ដោយឡែកយុទ្ធនាការទី២ នឹងជួយដោះស្រាយរក យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
អ្វីជាពិសេសយុទ្ធនាការនេះ មានវិសាលភាពគ្របដណ្តប់ទៅលើរឿងក្ដីគ្រប់ប្រភេទទាំងអស់ ទាំងរឿងក្តីរដ្ឋប្បវេណី ទាំងរឿងក្ដីព្រហ្មទណ្ឌ ទាំងរឿងក្ដីពាណិជ្ជកម្ម និងរឿងក្ដីផ្សេងទៀត នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បន្ថែមទៀតថា ការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនេះ ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវអភិក្រម «លឿន ត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកលើច្បាប់»។ ក្នុងនោះត្រូវជៀសវាងឲ្យបានជាដាច់ខាតនូវស្ថានភាព «ត្រីងៀត ឆ្លៀតពង» តាមរយៈការប្រើប្រាស់យុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើពុករលួយណាមួយ។
សូមបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺជាយុទ្ធនាការ ជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអយុត្តិធម៌ ឬដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម។ មួយទៀត គឺដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់ និងក្នុងចំណាត់ការរឿងក្តីដោយតុលាការ ប៉ុន្តែការកំណត់ថា «យុត្តិធម៌ ឬអយុត្តិធម៌» គឺមិនចំណុះទៅលើត្រឹម ការលើកឡើងរបស់ភាគីណាមួយឡើយ ប៉ុន្តែចំណុះលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានដិតដល់។
ចំណែកយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ សំដៅដល់ការដោះស្រាយភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ច នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា។ ក្នុងនោះផងដែរ គឺនឹងពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើចំណាត់ការ សំណុំរឿង និងក្នុងការសម្រេចសេចក្ដីរបស់តុលាការក្នុងសំណុំរឿងគ្រប់ប្រភេទ។ យុទ្ធនាការនេះ មានរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ៕


Post a Comment