សម្ដេចតេជោ ហ៊ុន សែន៖«៣៤ឆ្នាំ នៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ»
នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងធ្វើដំណើរតាមយន្តហោះទៅពិនិត្យកែវភ្នែកសិប្បនិម្មិត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលអមដំណើរដោយកូន ៤នាក់ និងចៅម្នាក់ (ចៅយ៉ាយ៉ា)។
តាមរយៈបណ្ដាញសង្គម Facebook សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចកំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិម្មិតថ្មី ខណៈដែលសម្ដេចបានប្រើប្រាស់អស់រយៈ ៣៤ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២៤ នេះ។
សម្ដេចតេជោបានបញ្ជាក់ថា «៣៤ឆ្នាំ នៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែក និងឈឺក្បាល។ »
សម្ដេចតេជោបន្តថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន ៥គ្រាប់ លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាចប្រើបានរយៈពេល១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។ នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាមដូចនេះហើយបានជាសម្ដេចដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព។
សម្ដេចតេជោ បានថ្លែងអរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែករបស់សម្ដេចរយៈពេល ៣៤ឆ្នាំកន្លងមកនេះ៕


Post a Comment