ផ្សែងអ័ព្ទពុលនៅតែបន្តកើនឡើងដល់កម្រិតគ្រោះថា្នក់ក្នុងទីក្រុងបាងកក
ប្រទេសថៃ៖ អាជ្ញាធរថៃបានព្រមានថា កម្រិតផ្សែងអ័ព្ទពុលនៅក្នុងទីក្រុងបាងកក និងខេត្តនៅជុំវិញទីក្រុង នៅតែបន្តកើនឡើងដល់កម្រិតគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពប្រជាជន ហើយបានស្នើនិងជំរុញឱ្យបុគ្គិលទាំងអស់ធ្វើការពីផ្ទះ ក្នុងរយៈពេល ២ថ្ងៃបន្ទាប់ដើម្បីសុវត្ថិភាព។ នេះបើតាមការផ្សាយរបស់សារពត៌មាន Reuters នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៤។
បើតាមនាយរដ្ឋមន្រ្តីថៃ លោកស្រេតថា ថាវីស៊ីន បាននិយាយថា "ការដុតដំណាំគឺជាកត្តាចម្បងនៅពីក្រោយការផ្ទុះឡើងនៃកម្រិតផ្សែងអ័ព្ទពុលនេះ។ ដោយឡែកប្រហែលជាមួយភាគបួននៃការបំពុលក៏បណ្តាលមកពីកត្តាយានយន្តដែរ ប៉ុន្តែវាជាកត្តាមួយដែលយើងអាចគ្រប់គ្រងបាន"។ លោកបានបន្តថា "រដ្ឋាភិបាលគួរតែពិចារណាលើការកំណត់យានយន្តដែលដំណើរការដោយឥន្ធនៈហ្វូស៊ីលនៅក្នុងរាជធានី ដើម្បីកំណត់ការបំពុលក្នុងរយៈពេលវែង ចំណែកឯគោលនយោបាយយានយន្តអគ្គិសនីជាតិរបស់ប្រទេសក៏ជាគន្លឹះមួយដ៏ល្អ ក្នុងការទប់ស្កាត់ប្រទេសពីការបំពុលខ្យល់ផងដែរ។
ជាមួយគ្នានេះនៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការបំពុលខ្យល់ដោយបញ្ហាចរាចរណ៍ អភិបាលក្រុងបាងកក លោក ឆាត់ខាត ស៊ីទ្ទីពូន (Chadchart Sittipunt) បានប្រាប់បុគ្គលិកនៅទីភ្នាក់ងាររដ្ឋបាលទីប្រជុំជនឱ្យធ្វើការពីផ្ទះ ហើយបុគ្គលិកផ្សេងទៀតក៏គួរតែធ្វើដូចគ្នាដែរ។ លោកបានបន្តថា តំបន់ខ្លះក្នុងទីក្រុងមានកម្រិតបំពុលខ្លាំង ហើយអាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រងស្ថានការណ៍មួយនេះ។
យ៉ាងណាមិញគេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQAir ក៏បានឱ្យដឹងថា "កម្រិតភាគល្អិតដែលស្រូបចូលក្នុងទីក្រុងបានកើនឡើង ១៥ដង ខ្ពស់ជាងកម្រិតដែលបានណែនាំដោយអង្គការសុខភាពពិភពលោក ដែលធ្វើឱ្យទីក្រុងបាងកកក្លាយជាទីក្រុងដែលមានការបំពុលខ្យល់ខ្ពស់បំផុតលំដាប់ទី ៨ នៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍។
សូមបញ្ជាក់ថា ការបំពុលខ្យល់នៅក្នុងប្រទេសថៃ គឺបណ្តាលមកពីកត្តារួមផ្សំគ្នានៃការដុតដីធ្វើដំណាំ ផ្សែងបំពុលតាមរោងចក្រឧស្សាហកម្ម និងកត្តាចរាចរណ៍លើដងផ្លូវផងដែរ។ យ៉ាងណារដ្ឋាភិបាល ថៃក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់កសិករក្នុងការទប់ស្កាត់ការដុតឆេះ និងកញ្ចប់សម្រាប់រថយន្តអគ្គិសនីដែលមានតម្លៃថោក ខណៈដែលសមាជិកសភាថៃ កំពុងពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពី ខ្យល់អាកាសបរិសុទ្ធ ក្នុងគោលបំណងកាត់បន្ថយការបំពុល នឹងគ្រប់គ្រងឱ្យបាននូវសកម្មភាពដែលបង្កើតការបំពុល រួមទាំងរោងចក្រ អាជីវកម្ម កសិកម្ម និងការដឹកជញ្ជូន ដើម្បីកាត់បន្ថយការបំពុលខ្យល់ឱ្យកាន់តែទូលំទូលាយ៕
Post a Comment