អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុមគ្រូបង្គោលឯកទេសវេជ្ជសាស្រ្តកូរ៉េខាងត្បូង និងគ្រូពេទ្យចេញមុខធ្វើការតវ៉ា ដើរចេញពីការងារដោយសារតែផែនការតម្លើងតម្លៃវិស័យសុខាភិបាល - Read News TV

ក្រុមគ្រូបង្គោលឯកទេសវេជ្ជសាស្រ្តកូរ៉េខាងត្បូង និងគ្រូពេទ្យចេញមុខធ្វើការតវ៉ា ដើរចេញពីការងារដោយសារតែផែនការតម្លើងតម្លៃវិស័យសុខាភិបាល

កូរ៉េខាងត្បូង៖ នាយកដ្ឋានផ្នែកគិលានសង្គ្រោះបន្ទាន់ដ៏សំខាន់មួយនៅក្នុងចំណោមនាយកដ្ឋានគិលានសង្គ្រោះសំខាន់ៗដទៃទៀតរបស់ប្រទេសកូរ៉េខាងត្បូងបានចេញប្រកាសអាសន្នមួយ ខណៈដែលក្រុមវេជ្ជបណ្ឌិតឯកទេសលើការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្តមិនចូលទៅបំរើការងារ ក្នុងគោលដៅដើម្បីសម្តែងការតវ៉ាមិនពេញចិត្តទៅនឹងផែនការរបស់រដ្ឋាភិបាលលើការតម្លើងតម្លៃខ្ទង់ចំណាយខ្ពស់ក្នុងការចូលរៀននៅតាមសាលាពេទ្យនានា។

ដោយយោងតាមបណ្តាញផ្សព្វផ្សាយនានារបស់កូរ៉េខាងត្បូងបានឱ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា ក្រុមគ្រូពេទ្យទទួលផែនបណ្តុះបណ្តាលលើឯកទេសវេជ្ជសាស្រ្តបានចូលរួមធ្វើការតវ៉ារហូតដល់ចំនួន២ភាគ៣នៃក្រុមគ្រូពេទ្យជាគ្រូបង្គោលវ័យក្មេងសរុបរបស់ប្រទេសទំាងមូលនៅសប្តាហ៍នេះ បង្កឱ្យមានសភាពជាប់គំាងលើសេវាថែទំាងសុខភាពសាធារណៈជូនដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូង។

ដោយឡែកទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឯណោះវិញបានចេញផ្សាយដែរថា តំាងពីមានការផ្ទុះឡើងនូវការតវ៉ាលើកិច្ចការនេះ មានក្រុមគ្រូពេទ្យច្រើនជាង៨,៤០០នាក់ហើយបានចូលរួមនំាគ្នាដើរចេញពីការងារប្រចំាថ្ងៃ បង្កឱ្យក្រសួងសុខាភិបាលមានក្តីកង្វល់រហូតដល់មានចេញនូវរបាយការណ៍មួយបានលើកឡើងនៅព្រឹកថ្ងៃនេះដែរថា ការអាក់ខានមិនចូលបំរើការងាររបស់ក្រុមគ្រូពេទ្យជាគ្រូបង្គោលនេះ មានចំនួនស្មើនឹង៦៤%នៃក្រុមគ្រូពេទ្យសរុប បូករួមទំាងមន្ត្រីហាត់ការងារលើវិស័យវេជ្ជវិទ្យាជាដើមនៅពាសពេញផ្ទៃប្រទេស។

បណ្តាញផ្សព្វផ្សាយកូរ៉េបានលើកឡើងបន្តទៀតថា រដ្ឋាភិបាលបានបង្ហាញការគំរាមកំហែងចង់ចាប់ខ្លួនក្រុមគ្រូពេទ្យណាក៏ដោយដែលដឹកនំាបង្កឱ្យក្រុមមន្ត្រីឯកទេសវេជ្ជសាស្រ្តទំាងឡាយដើរចោលការងារប្រចំាថ្ងៃរបស់ខ្លួននោះ។

តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ប៉ាក ដាន(Park Dan) ជាប្រធានសមាគមក្រុមគ្រូពេទ្យឯកទេស និងក្រុមអ្នកហាត់ការងាររបស់កូរ៉េខាងត្បូងបានផ្តល់កិច្ចសម្ភាសន៍មួយប្រាប់ដល់បណ្តាញផ្សព្វផ្សាយជាតិថា ការពិតនៅពីក្រោយនៃការតវ៉ានេះ គឺកត្តាលក្ខខណ្ឌការងារតឹងតែង និងប្រាក់ចំណូលមិនស្មើនឹងការលះបង់របស់ពួកគេ នោះជាហេតុផលពិតដែលថ្នាក់លើត្រូវដោះស្រាយ។

លោកវេជ្ជបណ្ឌិតដដែលរូបនេះ បានបន្តទៀតថា ក្រុមគ្រូពេទ្យគេខឹងសម្ប៉ា និងស្រង៉ាកចិត្តខ្លំាង ដោយសារតែហេតុផលខាងលើ ដែលបង្កឱ្យពួកគេដើរចេញពីមន្ទីរពេទ្យ សូមថ្នាក់ស្តាប់សម្លេងពួកយើងផង។
នៅក្នុងបទសម្ភាសន៍ដដែល ហើយត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍កំរិតជាតិកូរ៉េខាងត្បូង លោកវេជ្ជបណ្ឌិតដដែលបានបង្ហើសំនៀងទៀតថា ពួកយើងត្រូវការបើកចំហកិច្ចពិភាក្សាមួយរវាងក្រុមគ្រូពេទ្យឯកទេស ជាមួយនឹងរដ្ឋាភិបាល ថាតើត្រូវដោះស្រាយដោយរបៀបណា? ហើយរដ្ឋាភិបាលក៏ត្រូវតែត្រៀមស្តាប់ការទាមទារនិងសម្លេងប្រកបដោយមនសិការទទួលខុសត្រូវដែរ។

ដោយឡែកនៅឯរដ្ឋធានីសេអ៊ូលឯណោះវិញ នៅព្រឹកមិញនេះមានក្រុមវេជ្ជបណ្ឌិតប្រមាណជា៣០០នាក់បានចេញមកធ្វើការជួបជុំគ្នានៅក្បែរការិយាល័យរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងដែរ ក្នុងគោលដៅដើម្បីរួមគ្នាអំពាវនាវសូមឱ្យរដ្ឋាភិបាលបញ្ចប់នូវផែនការតម្លើងតម្លៃការចូលសិក្សាលើឯកទេសវេជ្ជសាស្រ្តសុខាភិបាលនោះទៅ៕





Theme images by Radius Images. Powered by Blogger.