អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្ពុជា បញ្ជូនកងកម្ទេចគ្រឿងផ្ទុះជិត១០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅអាហ្រ្វិកកណ្តាល - Read News TV

កម្ពុជា បញ្ជូនកងកម្ទេចគ្រឿងផ្ទុះជិត១០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅអាហ្រ្វិកកណ្តាល

ភ្នំពេញ៖ កងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ ចំនួន ៩៨នាក់ ក្នុងនោះនារីចំនួន ១៥នាក់ ធ្វើយុទ្ធដំណើរប្តូរវេនទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះទី២ នៅទឹកដីសាធារណរដ្ឋអាហ្រ្វិកកណ្តាល បន្ទាប់ពីកងទី១ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ កងនេះមានកម្លាំងចំនួន ៩៨នាក់ ក្រោមការដឹកនាំរបស់វរសេនីយ៍ឯក សួស ណារឿន ដែលមានការងារស្នូលលើការកម្ទេចគ្រាប់មិនផ្ទុះ។

ពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជា បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពមួយចំនួនទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានផ្តាំផ្ញើអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, នាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ជូនដល់កងកម្លាំងផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានរំឮកពីប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ជូនដល់កងទ័ពដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌ ថា «ទៅគ្រប់មកគ្រប់» ពាក្យនេះ គឺមានអត្ថន័យខ្លាំងណាស់សម្រាប់កងទ័ពមួកខៀវកម្ពុជា។ កងកម្លាំងទាំងអស់ត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានណែនាំដល់កងកម្លាំងដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសដែលកំពុងមានសង្គ្រាមស៊ីវិល ត្រូវចែករំលែកនូវបទពិសោធន៍ ចំណេះជំនាញដែលខ្លួនមានដល់កងកម្លាំងដែលទើបនឹងចេញទៅបំពេញបេសកកម្ម។

សូមបញ្ជាក់រថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៩៥៦៣នាក់ ក្នុងនោះ នារី ៨១៦នាក់ ទៅកាន់១២បេសកកម្ម ក្នុង ១០ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន ៦៤០នាក់ ក្នុងនោះនារី ១២៤នាក់ ក្នុងប្រទេសចំនួន៥ រួមមាន ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕










Theme images by Radius Images. Powered by Blogger.