អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ហៅម្ចាស់គណនី​«​វិញ្ញាសា​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​»ចូលបំភ្លឺ - Read News TV

ហៅម្ចាស់គណនី​«​វិញ្ញាសា​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​»ចូលបំភ្លឺ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជា​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ​«​វិញ្ញាសា​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​» ក្រោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៣ ក្រោយ​ពី​ស្រាវជ្រាវ​រក​ឃើញ​ម្ចាស់ខ្លួន ក៏​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ ២០២៤ ។

យោង​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា​បានឱ្យ​ដឹង​ថា តាម​រយៈ​សំណើ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ស្វែងរក​អត្តសញ្ញាណ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៣ រហូត​ឈាន​ដល់​កោះហៅ​បុគ្គល​ជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​វិញ្ញាសា​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​» ឱ្យ​ចូលខ្លួន​មក​បំភ្លឺ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

ជា​លទ្ធផល​បុគ្គល​នេះ​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ផ្សព្វផ្សាយ​រូបភាព​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​០៦ វិច្ឆិកា ២០២៣ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​វិញ្ញាសា​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​» ពិតមែន ហើយ​រាល់​ឯកសារ​ដែល​បាន​យក​ផ្សព្វផ្សាយ​នោះ​ខ្លួន ទទួល​បាន​ពី​ប្រភព​មិន​ច្បាស់​ដែល​បាន​ចែកចាយ​លើ​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម ។

ប្រភព​បន្ត​ថា បុគ្គល​រូប​នេះ​បាន​សារភាព​បន្ថែម​ថា រាល់​ការ​បង្ហោះ​ឯកសារ​ពាក់ព័ន្ធ​ខាងលើ ខ្លួន​មាន​ចេតនា​ប្រើប្រាស់​ទាញ​យក​ប្រជាប្រិយភាព​មក​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​វិញ្ញាសា​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​»​របស់​ខ្លួន​ឱ្យ​សាធារណជន​កាន់តែ​មានការ​ចាប់អារម្មណ៍​ច្រើន​ឡើង ទុក​សម្រាប់​ប្រើប្រាស់​បង្កើន​ចំណូល​តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​លក់​សៀវភៅ និង​កំណែ​វិ​ញ្ញា​មុខ​វិជ្ជា​សិក្សា​ផ្សេង​ៗ​ដែល​ខ្លួន​ដាក់​លក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ ។

ក្រោយ​ពី​បាន​សាកសួរ​បំភ្លឺ​បុគ្គល​រូប​នេះ បាន​ទទួលស្គាល់​នូវ​កំហុស ធ្វើ​កិច្ចសន្យា​ជា​លាយ លក្ខណ៍ អក្សរ និង​បាន​ថត​វី​ដេ​អូ​ឃ្លិប​សុំ​ទោស​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ចំពោះ​មន្ត្រី​នគរបាល​យុត្តិធម៌​ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លង​មក ។

ក្នុង​ន័យ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើការ​ក្រើនរំលឹក​ដល់​សាធារណជន​ទូទៅ​មេត្តា​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដោយ​មិន​ត្រូវ​ចែករំលែក​នូវ​ឯកសារ ព័ត៌មាន រូបភាព វី​ដេ​អូ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​កុំ​ប្រើប្រាស់​និមិត្តសញ្ញា (logo) របស់​អង្គភាព​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​អនុញ្ញាត ។






Theme images by Radius Images. Powered by Blogger.