អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ រដ្ឋត្រូវតែធានាថា វិទ្យុ និងទូរទស្សន៍នៅតែដំណើរការ បើទោះបីប្រជាពលរដ្ឋមិនចំណាយពេលវេលាយូរនៅពីមុខកញ្ចក់ទូរទស្សន៍យ៉ាងណាក៏ដោយ - Read News TV

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ រដ្ឋត្រូវតែធានាថា វិទ្យុ និងទូរទស្សន៍នៅតែដំណើរការ បើទោះបីប្រជាពលរដ្ឋមិនចំណាយពេលវេលាយូរនៅពីមុខកញ្ចក់ទូរទស្សន៍យ៉ាងណាក៏ដោយ

ភ្នំពេញ៖ លោក នេត្រ  ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ក្នុងតម្លៃណាក៏ដោយវិទ្យុត្រូវតែដើរ ទូរទស្សន៍នៅតែដំណើរការ បើទោះបីប្រជាពលរដ្ឋមិនចំណាយពេលវេលាយូរនៅពីមុខកញ្ចក់ទូរទស្សន៍យ៉ាងណាក៏ដោយគឺប្រព័ន្ធផ្សព្វផ្សាយបុរាណនៅតែរស់ក្នុងក្របខណ្ឌនៃប្រព័ន្ធទំនើបមានការរីកចម្រើន ។


លោក នេត្រ ភក្ត្រា  រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងទិវាវិទ្យុពិភពលោក និងសំណេះសំណាលជាមួយនិស្សិត នារសៀលថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ថែមថា Fake News បានបង្កើតឱ្យមានបញ្ហាជាច្រើនទៅក្នុងប្រព័ន្ធទំនើប។ប្រព័ន្ធទំនើបនេះ មានបញ្ហាតើប្រជាពលរដ្ឋដែលប្រើ Social Media ទទួលបានព័ត៌មានពិតដែរឬទេ ដែលនេះ ជាបញ្ហា ហើយបើសិនប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ទេនិងមិនមានជំនាញលើការផ្សព្វផ្សាយរបស់ Social Media ទៀតនោះ យើងនឹងលុងទៅក្នុងការភូតកុហកបោកប្រាស់ និងការទទួលបានព័ត៌មានមិនពិត ។លោកបន្តថា ការទទួលព័ត៌មាននេះ ដូចជាចំណីអាហារអ៊ីចឹងដែរតែបើសិនពុលចំណីគឺពុលត្រឹមតែមូយថ្ងៃប៉ុណ្ណោះ បើពុលជាមួយព័ត៌មានវិញ ប្រហែលជាត្រូវការពេលវេលាយូរដើម្បីធ្វើការព្យាបាលជួនកាលទៅព្យាបាលមិនជាសះទៀត ព្រោះបានដិតដាមទៅនឹងព័ត៌មានមិនត្រឹមត្រូវ ដូច្នេះហើយបានក្នុងក្របខណ្ឌរដ្ឋត្រូវតែធានាទោះក្នុងតម្លៃណាក៏ដោយ វិទ្យុត្រូវតែដើរ ទូរទស្សន៍នៅតែដំណើរការ បើទោះប្រជាពលរដ្ឋមិនចំណាយពេលវេលាយូរនៅពីមុខកញ្ចក់ទូរទស្សន៍យ៉ាងណាក៏ក្តី គឺប្រព័ន្ធផ្សព្វផ្សាយបុរាណនៅតែរស់ ក្នុងក្របខណ្ឌនៃប្រព័ន្ធទំនើបកំពុងរីកចម្រើនខ្លាំង។ រហូតមកដល់ពេលនេះ សម្រាប់អ្នកដែលមានអាជីព តាមប្រព័ន្ធបុរាណដែលនៅតែអាចដំណើរការបានគឺនៅបន្តរស់បាន ប៉ុន្តែត្រូវធ្វើយ៉ាងដូចណា ដើម្បីឱ្យអាចដំណើរការទៅមុខទៀតបានបើទោះប្រព័ន្ធផ្សព្វផ្សាយទំនើបកើតច្រើន មិនអាចចោលប្រព័ន្ធផ្សព្វផ្សាយបុរាណនោះទេ ព្រោះវាមានសារៈសំខាន់ ក្នុងការផ្តល់ព័ត៌មានជាក់លាក់ច្បាស់លាស់ជូនដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបញ្ជាក់ថាដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណអាចបន្តរស់ទៅមុខទៀតបាន គឺត្រូវផ្តោតទៅចំណុចសំខាន់ចំនួនពីរគឺមាតារឿង និងរូបភាព ព្រោះទោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏គេត្រូវការខ្លឹមសាររឿងល្អនិងរូបភាពច្បាស់ល្អដូចគ្នាដែរ ដែលអាចទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាបានច្រើន ។

លោករដ្ឋមន្ត្រីថា នេះជាកម្រិតវិទ្យាសាស្ត្រមិនមែនកម្រិតធម្មជាតិនោះទេ ព្រោះនៅពេលដែលខ្លឹមសាររឿងល្អ រូបភាពច្បាស់ល្អ គេអាចរុញទៅដល់អ្នកទស្សនាកាន់តែច្រើន។

លោករដ្ឋមន្ត្រីថា ក្នុងក្របខណ្ឌក្រសួងគឺត្រូវយកចិត្តទុកដាក់ លើប្រព័ន្ធបុរាណទាំងអស់ដែលមាន ព្រោះបើសិនបោះបង់ប្រព័ន្ធនេះហើយនៅពេលណាមួយដែលប្រព័ន្ធទំនើបបាត់បង់តួនាទីតើយើងបានអ្វីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋបានជ្រាបអំពីដំណឹងផ្សេងៗ ៕



Theme images by Radius Images. Powered by Blogger.