អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកថាក់ស៊ីនអតីតនាយករដ្ឋមន្រ្តីថៃត្រូវបានដោះលែងហើយនៅថ្ងៃអាទិត្យនេះ - Read News TV

លោកថាក់ស៊ីនអតីតនាយករដ្ឋមន្រ្តីថៃត្រូវបានដោះលែងហើយនៅថ្ងៃអាទិត្យនេះ

ថៃ៖ លោក Winyat Chartmontri មេធាវីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្រ្តីថៃ បានប្រាប់សារព័ត៌មានReutersថា លោកថាក់ស៊ីនបានបញ្ចប់នីតិវិធីនៃការដោះលែង ហើយត្រូវបានដោះលែងជាផ្លូវការ។

យោងតាមសារព័ត៌មានReuters បានឃើញលោកថាក់ស៊ីនអាយុ៧៤ឆ្នាំ ចាកចេញពីមន្ទីរពេទ្យ ដោយជិះក្នុងរថយន្ត Mercedes ពណ៌ខ្មៅមួយគ្រឿងនៅព្រឹកថ្ងៃអាទិត្យទី១៨ខែកុម្ភៈឆ្នាំ២០២៤នេះ ដោយអង្គុយក្បែរកូនស្រីពៅរបស់លោកគឺលោកស្រី Paetongtarn Shinawatra ដែលជាមេដឹកនាំគណបក្សភឿថៃដែលកំពុងកាន់អំណាច។ រថយន្តនេះត្រូវបានគេឃើញមកដល់គេហដ្ឋានរបស់គ្រួសារ នៅក្រុងបាងកកប្រហែល ២៥ នាទីក្រោយមក។

លោកស្រីPaetongtarn បានបង្ហោះរូបភាព លោកស្រីអង្គុយក្នុងរថយន្តជាមួយឪពុករបស់លោកស្រី អមដោយសារបញ្ជាក់ថា "Thaksin បានមកដល់ផ្ទះហើយ សង្ឃឹមថាគាត់នឹងមានសុខភាពល្អ"។

លោកថាក់ស៊ីន មានសិទ្ធិទទួលបានការដោះលែង បន្ទាប់ពីទទួលបានការលើកលែងទោសពិសេស ដោយសារ អាយុកាន់តែច្រើន ស្ថានភាពសុខភាព និងពេលវេលានៃការអនុវត្តទោស ហើយត្រូវបានឃុំខ្លួនក្នុងមន្ទីរពេទ្យ ដោយសារហេតុផលសុខភាព។  លោកថាក់ស៊ីនត្រូវបានឃុំខ្លួនក្នុងមន្ទីរពេទ្យអស់រយៈពេល៦ខែ ពោល លោកបានអនុវត្តទោសបានពាក់កណ្តាលហើយដែរ។

លោកថាក់ស៊ីនក្លាហានហ៊ានដើរចូលពន្ធនាគារ នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ ភ្លាមៗក្រោយត្រឡប់មកពីការនិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ។ លោកថាក់ស៊ីនបានភៀសខ្លួនទៅក្រៅប្រទេសក្នុងឆ្នាំ២០០៨ ដើម្បីគេចពីការកាត់ទោសជាប់ពន្ធនាគារ ពោល ២ឆ្នាំបន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរូបលោក ដោយចោទប្រកាន់ពីបទពុករលួយ និងគ្មានភក្តីភាពចំពោះរាជាធិបតេយ្យ តែអ្នកនយោបាយចាស់វស្សារូបនេះ បានបដិសេធថា ជាហេតុផលនយោបាយ។ យប់ដំបូងអំឡុងពេលឃុំខ្លួន ក៏ដូចជាយប់ដំបូងនៅក្នុងប្រទេសថៃ លោកថាក់ស៊ីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិស ដើម្បីទទួលការព្យាបាល ដោយសារមានបញ្ហាឈឺទ្រូង និងសម្ពាធឈាមឡើងខ្ពស់ ហើយត្រូវបានឃុំខ្លួននៅទីនោះ។

ក្រោយមកនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៣ មន្រ្តីអប់រំកែប្រែជាន់ខ្ពស់មួយរូបបាននិយាយថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅដើមខែកុម្ភៈ បន្ទាប់ពីបានកាត់ទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ហើយក្រោយមកត្រូវបានបន្ធូរបន្ថយមកនៅត្រឹមតែ១ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានដាក់សំណើសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។ តាមរយៈសារព័ត៌មានReuters មន្រ្តីជាន់ខ្ពស់រូបនោះបញ្ជាក់ថា បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល៦ខែ លោកថាក់ស៊ីន នឹងមានសិទ្ធិទទួលបានការដោះលែង ក្នុងករណីស្ថិតក្នុងក្រុមអ្នកទោសដែលមានអាយុលើសពី ៧០ ឆ្នាំ ឬអ្នកទោសដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ។

សូមបញ្ជាក់ជូនដែរថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើជានាយករដ្ឋមន្ត្រីថៃចាប់ពីឆ្នាំ ២០០១ រហូតដល់លោកត្រូវបានបណ្តេញចេញពីតំណែង តាមរយៈរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ ពេលនៅទីក្រុងញូវយ៉ក។ យ៉ាងណា អ្នកនយោបាយដ៏មានប្រជាប្រិយភាពរូបនេះ អះអាងថាលោកបានចូលនិវត្តន៍ពីនយោបាយហើយ៕ 

Theme images by Radius Images. Powered by Blogger.