អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុមតារាល្បីឈ្មោះ PafiDo បើករថយន្ត Lamborghini បុកបុរសម្នាក់ស្លាប់ភ្លាមៗ នៅផ្លូវសហព័ន្ធរុស្ស៊ី - Read News TV

ក្រុមតារាល្បីឈ្មោះ PafiDo បើករថយន្ត Lamborghini បុកបុរសម្នាក់ស្លាប់ភ្លាមៗ នៅផ្លូវសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ បុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ភ្លាម ដោយសាត្រូវរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកទៅបុកទាំងកំរោល នៅមហាវិថីសហព័ន្ធរុស្សី រួចព្យាយាមបើករត់គេចជាច្រើនគីឡូម៉ែត្រ តែគេចមិនផុត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា បានឃើញរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកបរក្នុងល្បឿនលឿន និងរោទ៍សម្លេងយ៉ាងខ្លាំង នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី រួចបត់ទៅផ្លូវ២០០៤ ដោយផ្នែកខាងមុខនៃរថយន្ត មានធ្លាក់របាំងមុខ (កាងរថយន្ត)​ ផងដែរ។ ដោយឃើញជ្រុះកាងបែបនេះ សង្ស័យតែរថយន្តនោះបើកទៅបុកនឹងអ្វីហើយ ក៏នាំគ្នាជិះទៅមើលតាមផ្លូវ ក៏ប្រទះឃើញគ្រោះថ្នាក់ចរាចរណ៍ មានមនុស្សដេកស្លាប់ ក៏សួរនាំអ្នកនៅកន្លែងកើតហេតុ ទើបដឹងថា រថយន្តខាងលើពិតជាបានបុកគេស្លាប់មែន។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ​ រស់នៅខេត្តសៀមរាប ជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1v-9127 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ​ ហួសរាជបណ្ឌិតសភាបន្តិច ក៏ត្រូវបានរថយន្តបង្កបើកលឿនដូចហោះ បោះពួយមួយទំហឹងទៅបុកម៉ូតូពីក្រោយទាំងកំរោល បណ្តាលឲ្យមនុស្ស និងម៉ូតូខ្ទាតចេញពីគ្នាជាច្រើនម៉ែត្រ មនុស្សត្រូវបានស្លាប់ឈាមហូរដាបផ្លូវ ចំណែកម៉ូតូត្រូវបានខូចខាតធ្ងន់ធ្ងរ។
បន្ទាប់ពីបុករួច រថយន្តបង្កមិនបានឈប់នោះទេ គឺបន្ថែមល្បឿនព្យាយាមបើករត់គេច ពីមហាវិថីសហព័ន្ធរុស្សី ទៅដល់ផ្លូវ២០០៤ ឆ្លងកាត់វិថីសេះស ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមឃាត់បានមនុស្ស ៣នាក់ ក្នុងនោះមានបុគ្គលល្បីឈ្មោះក្នុងបណ្តាញសង្គមមួយរូបផងដែរ ដោយមិនច្បាស់ថា ស្ថិតក្នុងស្ថានភាពបែបណានៅឡើយនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកទាំង៣ និងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំ ស្វែងរកមុខអ្នកបើកបររថយន្តពិតប្រាកដ ព្រោះពេលទៅដល់ទីតាំង គ្មាននរណាម្នាក់សារភាពថាជាអ្នកបើកឱ្យប្រាកដនោះទេ។ ក្រោយសាកសួររួច សមត្ថកិច្ចនឹងបន្តអនុវត្តតាមនីតិវិធីច្បាប់។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចលើកយកដាក់ក្បែរផ្លូវថ្មើរជើង រង់ចាំក្រុមគ្រួសារមកទទួលយក។ រីឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំក្រុមគ្រួសារទទួល និងអនុវត្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕










Theme images by Radius Images. Powered by Blogger.