នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង បណ្តាលអោយមនុស្ស៣នាក់រងរបួស
ថៃ៖ កាសែត Bangkok Post បានចុះផ្សាយថា នាវាចម្បាំងថៃ HTMS Chonburi បានច្រឡំដៃបាញ់កាំភ្លើងធំចំនាវាមួយគ្រឿងឈ្មោះ HTMS Khirirat បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ និងមនុស្ស៣នាក់រងរបួស ដោយក្នុងនោះមានម្នាក់ត្រូវបានគេរាយការណ៍ថា រងរបួសធ្ងន់។
រឿងហេតុនេះកើតឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា ខណៈនាវាកងទ័ពជើងទឹកថៃទាំងពីរ ឈប់សំចតនៅផែ Laem Thian ដែលជាមូលដ្ឋានទ័ពជើងទឹក Sattahip ក្នុងខេត្ត Chon Buri។
តាមការបញ្ជាក់ពីប្រភពដដែល, គ្រាប់កាំភ្លើងធំត្រូវបាញ់ចេញពីកាណុងខាងមុខរបស់នាវា HTMS Chonburi ហើយត្រូវចំផ្នែកខាងក្រោយនៃនាវា HTMS Khirirat។
ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ ក្រុមពន្លត់អគ្គិភ័យបានឆ្លើយតបយ៉ាងរហ័ស ដើម្បីគ្រប់គ្រងការឆាបឆេះនៅលើនាវាចម្បាំង។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងថៃ មិនបានបង្ហាញព័ត៌មានលម្អិតលើសពីនេះទេ ពាក់ព័ន្ធហេតុការណ៍ខាងលើ។
សូមបញ្ជាក់ថា នាវា HTMS Chonburi បានវិលត្រលប់ពីសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃពុធ ហើយបើកចូលមូលដ្ឋានវិញដើម្បីជួសជុល ព្រោះថា មានកាណុងកាំភ្លើងធំមួយ ដំណើរការខុសប្រក្រតី ហើយគ្រាប់ត្រូវជាប់គាំងនៅក្នុងកាណុងនៅឡើយ។
ក្នុងនាមជាកម្មសិទ្ធិរបស់កងនាវាចម្បាំងទី១ នៃទីបញ្ជាការកងនាវាចរ, HTMS Chonburi បានបម្រើការជាមួយកងទ័ពជើងទឹកថៃអស់រយៈពេលជាង៤០ឆ្នាំមកហើយ៕


Post a Comment