ឆេះព្រៃលើភ្នំស្វាយកណ្តាលក្រុងសិរីសោភ័ណ បណ្តាលឲ្យផ្ទុះគ្រាប់យុទ្ធភ័ណ្ឌចំនួន ២គ្រាប់ ដែលបន្សល់តាំងពីសម័យសង្គ្រាម
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះ ស្នងការខេត្ត អាវុធហត្ថក្រុង រដ្ឋបាលក្រុង យោធា ជាងជិត ១ពាន់នាក់ ក្នុងនោះមាន រថយន្តពន្លត់អគ្គិភ័យ ១១គ្រឿង បានចេញប្រតិបត្តិការពន្លត់ភ្លើងឆេះលើភ្នំស្វាយកណ្តាលក្រុងសិរីសោភ័ណ អស់រយៈពេល ៤ម៉ោង ទើបភ្លើងរលត់ជាស្ថាពរ។ ប៉ុន្តែក្នុងពេលដែលភ្លើងកំពុងឆាបឆេះនោះ មានគ្រាប់យុទ្ធភ័ណបន្សល់តាំងពីសម័យសង្គ្រាមចំនួន ២គ្រាប់បានផ្ទុះឡើង ធ្វើឲ្យប្រជាពលរដ្ឋមានការតក់ស្លុតយ៉ាងខ្លាំង តែសំណាងល្អពុំមានធ្វើឲ្យមនុស្សស្លាប់ និងរងរបួសទ្បើយ។
រឿងរាវនេះកើតឡើងនៅម៉ោងវេលា ៤ល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅ លើភ្នំស្វាយ ក្រុងសិរីសោភ័ណតែម្តង។
បើតាមការអះអាងពីប្រជាពលរដ្ឋរស់នៅជិតកន្លែងភ្នំដែលឆាបឆេះនោះបាននិយាយថា ភ្លើងឆេះលើភ្នំស្វាយនេះផ្តើមឡើងមកពី អាកាសធាតុក្តៅខ្លាំង ដោយនៅលើភ្នំស្វាយ រុក្ខជាតិ មានស្លឹកឈើងាប់ៗ ហើយមានមនុស្សដុតភ្លើងមិនបានពន្លត់ ក៏ឆេះរាលដាលពេញលើភ្នំតែម្តង។
ក្នុងហេតុការភ្លើងកំពុងឆាបឆេះនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១បន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជិត ១ពាន់នាក់ មានកម្លាំងទាំងបី រួមសហកាពីកម្លាំងអង្គភាពស៊ីម៉ាក់ និងរថយន្តពន្លត់អគ្គិភ័យ ១១គ្រឿង មកពីអធិការដ្ឋានទាំង ៩ស្រុក/ក្រុង ខេត្ត ២គ្រឿង បើកប្រត្តិបត្តការបាញ់ពន្លត់ភ្លើងកំពុងឆេះនោះយ៉ាង សស្រាក់សស្រាំ ពីម៉ោង១រសៀលរហូតដល់ម៉ោង ៤ល្ងាចទើបគ្រប់គ្រងស្ថានការភ្លើងឆេះភ្នំស្វាយនេះបានទាំងស្រុង ក្នុងនោះមានរថយន្តពន្លត់បាញ់ការពារមិនឲ្យរាលដាលឆាបឆេះដល់ផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅជាប់ជើងភ្នំរាប់រយគ្រួសារផងដែរ។
ភ្លើងឆេះលើភ្នំស្វាយគឺផ្តើមឆេះពីផ្នែកខាងកើតក្រោយសាលាខេត្តរាលដាលឆេះទៅខាងត្បូង ឆេះផ្នែកខាងលើខ្លាំងត្រូវបានកម្លាំងជួយអន្តរាគមន៍ដោយប្រើប្រាស់ប្រាស់ក្រណាត់ ជ្រលក់ទឹកជួយវ៉ៃពន្លត់ផ្នែកខាងលើភ្នំក្នុងនោះក៏មានហេតុការណ៍ស្នូគ្រាប់ផ្ទុះ២គ្រាប់ដែលជាគ្រាប់សេសសល់ពីសម័យសង្គ្រាម។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ភ្លើងដែលឆេះភ្នំស្វាយមានរយៈពេលជិត ៤ម៉ោងទើបពន្លត់បានទាំងស្រុង ក្នុងនោះមានកម្លាំងជិត ១ពាន់នាក់ និងរថយន្តពន្លត់អគ្គិភ័យ១១គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយភ្លើងឆេះនេះមិនបង្កឲ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋទេ ដោយកម្លាំងចុះអន្តរាគមន៍ពន្លត់បានទាន់ពេល។
ក្នុងនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងនៅរដូវប្រាំងហួតហែងដែលប្រឈម និងឆាបឆេះខ្លាំងណាស់៕













Post a Comment