បទវិន័យនគរបាលជាតិកម្ពុជា ដែលជំនួសវិន័យនគរបាលជាតិលេខ០០៦ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជា លេខ៨៧៣ ដែលទើបត្រូវបានប្រកាសឲ្យប្រើកាលពីពេលកន្លងទៅថ្មីៗនេះ របស់កងកម្លាំងនគរបាលជាតិកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា បទវិន័យនគរបាលជាតិកម្ពុជានេះ ជាការលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត និងតម្រង់ទិសដល់មន្ត្រីនគរបាលជាតិឲ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ បានចេញប្រកាសនេះ ដើម្បីជំនួសបទវិន័យនគរបាលជាតិលេខ០០៦ ដែលបានបង្កើតឡើង រហូតមកដល់ពេលនេះ មានរយៈពេលជាង២៨ឆ្នាំមកហើយ។ម៉្យាងទៀត ការចេញប្រកាសដ៏មានសារៈសំខាន់នេះ ជាសក្ខីភាពបង្ហាញអំពីការធ្វើកំណែទម្រង់ផ្នែកកងកម្លាំង នគរបាលជាតិរបស់ក្រសួងមហាផ្ទៃបន្ថែមទៀត ដោយបានកំណត់នូវបទប្បញ្ញត្តិ និងវិធានថ្មីៗ ដើម្បីឆ្លើយតប ទៅនឹងការវិវឌ្ឍរបស់សង្គមជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
លោក ស សុខា ក៏បានណែនាំដល់អង្គភាពពាក់ព័ន្ធមួយចំនួន ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះបន្តដល់មន្ត្រីនគរបាលក្រោមឱវាទ និងជំរុញការអនុវត្តតាមប្រកាសនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់, បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលប្រកាសនេះទៅក្នុងកម្មវិធីសិក្សា សម្រាប់វគ្គបណ្តុះបណ្តាលគ្រប់កម្រិត, អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវរៀបចំកិច្ចប្រជុំតាមដានការអនុវត្តប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជារៀងរាល់៣ខែម្តង ឲ្យបានទៀងទាត់, អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផលិតវីដេអូឃ្លីបផ្សព្វផ្សាយ ស្តីពីការពង្រឹងវិន័យ ការស្លៀកពាក់ឯកសណ្ឋាន និងការគោរពគំនាប់របស់កងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា ប្រកាសស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រូវបានចុះហត្ថលេខាដាក់ឲ្យអនុវត្តពីសំណាក់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលមានចំនួន៧ជំពូក និង៣៥ប្រការ៕











Post a Comment