អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មរតកមនុស្សរស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលអនិច្ចកម្ម ដោយរោគាពាធក្នុងជន្មាយុ ៨០ ឆ្នាំនៅឯស្រុកកំណើត - Read News TV

មរតកមនុស្សរស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលអនិច្ចកម្ម ដោយរោគាពាធក្នុងជន្មាយុ ៨០ ឆ្នាំនៅឯស្រុកកំណើត

ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និង ជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្ម ដោយរោគាពាធក្នុងជន្មាយុ ៨០ ឆ្នាំនៅឯស្រុកកំណើត។

បើតាមសមាគមសិល្បករខ្មែរ បានទទួលដំណឹងដ៏ក្រៀមក្រំថា ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និង ជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធក្នុងជន្មាយុ ៨០ឆ្នាំចៅសូមឧទ្ទិសនូវវិញាណក្ខន្ធ លោកតាទៅបានដល់ឋានបរមសុខតទៅ។

សមាគមសិល្បករខ្មែរ បញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិល្បករ សិល្បការិនីទាំងអស់ នៃសមាគមសិល្បករខ្មែរ យើងខ្ញុំពិតជាមានសេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្ដាយជាទីបំផុតដោយទទួលដំណឹងពីមរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពនៅថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និង ក្តីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។
សមាគមសិល្បករខ្មែរ ចាត់ទុកមរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។ ដោយឡែកសម្រាប់វិស័យសិល្បៈវប្បធម៌ជាតិវិញ អវត្តមានរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយលោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា។

ជាមួយគ្នានេះដែរ ក្រសួងអប់រំយុវជននិងកីឡា បានចេញដំណឹងមរណភាព ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ នាថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ ដោយរោគាពាធ។

ក្រសួងអប់រំ បានលើកឡើងថា មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺ ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែងដ៏កម្រប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។

ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារ នៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ មរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការៈចំពោះកូនចៅគ្រប់ៗ គ្នា៕


ប្រវត្តិសង្ខេប​ព្រឹទ្ធា​សិល្បៈ​កោសល្យវោហារ ​គង់ ណៃ​ 

លោក​ព្រឹទ្ធាចារ្យ គង់ ណៃ កើត​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​១៩៤៤ នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ លុះ​ចម្រើន​វ័យ​បាន​៤​ឆ្នាំ កុមារ​គង់ ណៃ ត្រូវ​ពិការភ្នែក​មើលលែងឃើញ​ដោយសារ​ជំងឺ​អុតធំ​។ ក្នុង​វ័យ​១៣​ឆ្នាំ លោក​ចាប់ផ្តើម​រៀន​វិជ្ជា​ចាប៉ីដងវែង​ពី​ឪពុកមា នាម​គង់ ទិត​។ ពីរ​ឆ្នាំ​ក្រោយមក នា​ឆ្នាំ​១៩៥៩ កុមារ​គង់ ណៃ បានចេញ​សម្តែង​ជា​លើកដំបូង​នៅក្នុង​កម្មវិធី​បុណ្យ​ប្រចាំ​ភូមិ ហើយ​ចាប់តាំងពី​ពេល​នោះមក លោក​ក៏​ក្លាយជា​អ្នកចម្រៀង​ចាប៉ី​ប្រចាំ​ភូមិ​។


ក្នុងរយៈពេលពីរឆ្នាំនៃការចាប់ផ្តើមសិក្សាចាប៉ី គឺគ្រាដែលលោកមាន អាយុដប់ប្រាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកេរ្តិ៍ឈ្មោះរបស់លោកបានរីកចម្រើនយ៉ាងឆាប់រហ័សហើយមិនយូរប៉ុន្មានគាត់បានទទួលឈ្មោះហៅក្រៅថា សង្ហា ណៃ។ ចំពោះការសម្ដែងផ្សេងៗ ជានិច្ចកាល គង់ ណៃ សម្ដែងកំណាព្យបុរាណដូចជាកំណាព្យរបស់ ភីរម្យង៉ុយ ជាដើម។


​នៅក្នុង​វ័យ​១៨​ឆ្នាំ លោក​គង់ ណៃ បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​អ្នកស្រី​តាត ឆេន ដែល​កាលនោះ​មាន​អាយុ​២០​ឆ្នាំ ជា​អ្នកស្រុក​ជាមួយគ្នា ប៉ុន្តែ ខុស​ត្រង់​ភរិយា​របស់គាត់​រស់នៅ​ភូមិ​ស្វាយ​ទង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ អំឡុង​ឆ្នាំ​១៩៧៥ លោក​ត្រូវ​អង្គការ​ខ្មែរក្រហម ចាត់តាំង​​ឱ្យច្រៀង​ឃោសនា​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ឆ្នាំ​១៩៧៧ លោក​ត្រូវបាន​ផ្លាស់​ឲ្យទៅ​វាយជ​ក់​ត្នោត​នៅ​ភូមិ​វិញ​។ លោក​បាន​រួច​រស់​ជីវិត​ដោយ​ប្រផុតប្រផើយ​ពី​របប​វាលពិឃាដ​ខ្មែរក្រហម​។ ឆ្នាំ​១៩៧៩ លោក​បានរស់នៅ​ស្រុកកំណើត​ធ្វើ​ស្រែចំការ និង​ចាប់​អាជីព​ជា​សិល្បករ​ចាប៉ី​ឡើងវិញ​។


ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។


ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។ នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។


នៅឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។ ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។


នៅឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាលនិងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ណៃ។


នៅឆ្នាំ ២០១៧ លោកទទួលបាន​ពាន​រង្វាន់​សិល្បៈ​និង​វប្បធម៌​ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៩០ នៅ​ទីក្រុង​ហ្វូគុអុ​កាប្រទេស​ជប៉ុន សម្រាប់​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក អប់រំ សិល្បៈ និង​វប្បធម៌​។ ហើយ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ គឺ​ជា​បុគ្គល​ទី​៣​របស់កម្ពុជា ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ បន្ទាប់​ពី លោក ឆេង ផុន និង លោក អាំង ជូលាន​។


ពេលវេលាកាន់តែទៅមុខ ចំណែកឯវ័យរបស់ ព្រឹទ្ធាចារ្យសិល្បៈ កោសល្យវោហារ គង់ ណៃ ក៏កាន់តែជ្រេបនិ្តចម្តងៗ។ ប៉ុន្តែការលះបង់យ៉ាងធំធេងរបស់លោកចំពោះវិស័យសិល្បៈវប្បធម៌នៅកម្ពុជាបានបន្សល់ទុកនូវកេរដំណែល និងស្នាដៃតជំនាន់។ លោកពិតជាបានផ្តល់នូវការចងចាំដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាអំពីទេពកោសល្យដ៏អស្ចារ្យរបស់លោក ព្រមទាំងបានពាំនាំនូវអត្ថន័យ គុណតម្លៃ និងភាពសម្បូរបែបនៃសិល្បៈតន្ត្រីរបស់បុព្វបុរសខ្មែរដែលបានបន្សល់ឱ្យកូនចៅជំនាន់ក្រោយយ៉ាងច្រើនក្រាស់ក្រែលរហូតមក ដល់ពេលបច្ចុប្បន្ននេះ។


សូមជម្រាបថា ព្រឹទ្ធាសិល្បៈកោសល្យវោហារ គង់ ណៃ បានអនិច្ចកម្មនៅថ្ងៃទី២៨ ខែមិថុនានេះ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។ លោកត្រូវបានចងចាំជាព្រឹទ្ធាចារ្យកោសល្យវោហារនៅក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបរហូតទៅ៕


Theme images by Radius Images. Powered by Blogger.