អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាង ជាអធិបតី ក្នុងពិធីបុណ្យរុក្ខទិវា និងដាំកូនឈើជិត១ម៉ឺនដើម នៅខេត្តតាកែវ សម្រាប់ជាប្រយោជន៍ប្រជានុរាស្ត្រខ្មែរ - Read News TV

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាង ជាអធិបតី ក្នុងពិធីបុណ្យរុក្ខទិវា និងដាំកូនឈើជិត១ម៉ឺនដើម នៅខេត្តតាកែវ សម្រាប់ជាប្រយោជន៍ប្រជានុរាស្ត្រខ្មែរ

តាកែវ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យរុក្ខទិវាជាតិ លើកទី២៩ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងពិធីបុណ្យរុក្ខទិវាជាតិដែរមានវត្តចូលរួមរបស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់  សម្តេចកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រជាពលរដ្ឋនិងយុវសិស្សជាច្រើនរយនាក់។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្លែងថា ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តតាកែវ ដែលបានសហការរៀបចំពិធី “រុក្ខទិវា” លើកទី២៩នេះឡើង ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទ  សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាថ្លៃវិសេសជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងវត្តមានដ៏វិសេសវិសាលរបស់ សម្តេច ប្រធានស្ថាប័នកំពូលទាំង៣នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ប្រធាន កិត្តិយស និងសមាជិក-សមាជិកានៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីរុក្ខទិវានាពេលនេះ គឺជាការផ្តល់នូវមហាកិត្តិយស ដ៏ធំធេងចំពោះក្រសួង រដ្ឋបាលខេត្ត និងបងប្អូនជនរួមជាតិទាំងអស់ដែលចូលរួមចលនាដាំដើមឈើនៅទូទាំងប្រទេស។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងថា "ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមព្រះរាជានុញ្ញាតជម្រាបជូនអង្គពិធីទាំងមូលថា ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមប្រារព្ធពិធី “រុក្ខទិវា” ចាប់តាំងពីឆ្នាំ១៩៥២មក ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះ ភពផែនដី និងមនុស្សជាតិ"។

បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធី រុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ដើម្បីបន្តស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រារព្ធពិធីរុក្ខទិវានេះ ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ពិធីរុក្ខទិវាលើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ ស្ថិតនៅទីតាំងស្ថានីយផ្សព្ធផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នារ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលស្ថិតនៅជាប់ជាមួយនឹងចម្ការឈើរុក្ខទិវាដែល ព្រះករុណាថ្លៃវិសេសជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្លាប់បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតកាលពីឆ្នាំ២០០៨។

ស្ថានីយបន្ទាយអង្គរត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨៧ ដោយគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តតាកែវ និងប្រគល់មកឱ្យនាយកដ្ឋាន រុក្ខាប្រមាញ់ បច្ចុប្បន្នរដ្ឋបាលព្រៃឈើ ដើម្បីគ្រប់គ្រង និងបង្កើតស្ថានីយដាំឈើលើផ្ទៃដីទំហំ ១ ១០០ហិកតា។ ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០១១ ផ្ទៃដីទំហំ ៩៨៤ ហិកតា ត្រូវបានប្រើប្រាស់ដើម្បីដាំដុះឈើប្រភេទប្រេងខ្យល់ និងអាកាស្យា ដោយប្រើថវិការដ្ឋ។ នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្ម និងដាំដុះដើមឈើឡើងវិញលើទីតាំងនេះ ហើយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបានដាំឈើប្រេងខ្យល់ជាចម្ការថ្មីលើផ្ទៃដីទំហំ ៨៤១ហិកតា។

ដោយឡែក ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដីទំហំ ៧៨ហិកតានៃដីស្ថានីយនេះ សម្រាប់សាងសង់ប្រាសាទកតញ្ញូ សាលាទទួលពុទ្ធបរិស័ទ ប្រាសាទព្រះគោ-ព្រះកែវ សាលាសំណាក់ធម៌ និងសំណង់សិល្បការ្យផ្សេងទៀតដែលស្ថិតនៅជាប់នឹងទីតាំងប្រារព្ធពិធីនេះ ដើម្បីជាប្រយោជន៍សាធារណៈ។

សម្រាប់ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើ ទីតាំងនេះ ដែលមានទំហំ ៣ហិកតា។ 

ដោយឡែក ក្នុងឆ្នាំ២០២៤នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបបានបញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវាបានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។

ជាងនេះទៀត រដ្ឋបាលព្រៃឈើក៏បាន បណ្តុះ និងដាំកូនឈើ បានជាង ២០,៥០ លានដើមផងដែរ តាមរយៈថវិការដ្ឋ គិតត្រឹមឆ្នាំ២០២៤នេះ ជាមួយនឹងសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើម ក្នុងមួយឆ្នាំ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត។

ពាក់ព័ន្ធនឹងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងអនុវត្តយុទ្ធសាស្រ្ត និងសកម្មភាពជាច្រើន រួមមាន ១). ការជំរុញចុះបញ្ជីដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ដីគម្របព្រៃឈើ ដីសហគមន៍ ព្រៃឈើ និងដីស្ថានីយស្តារព្រៃឈើ ២). ការដោះស្រាយតម្រូវការឈើប្រើប្រាស់ក្នុងស្រុក តាមរយៈការជំរុញឧស្សាហកម្មឈើដាំ និងការលើកទឹកចិត្តឱ្យប្រជាជនចូលរួមដាំឈើដើម្បីប្រើប្រាស់ និងកាត់បន្ថយសម្ពាធលើធនធានព្រៃឈើ ៣). ការបង្កើនការ បណ្តុះកូនឈើដើម្បីគាំទ្រសកម្មភាពដាំឈើនៅទូទាំងប្រទេស និង៤). ការពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធជាមួយគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះនេះ ព្រះបាទសម្ដេចព្រះបរមនាថ  នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់    មានហប្ញទ័យរីករាយឥតឧបមា ដោយបានចូលរួមក្នុងពិធី “រុក្ខទិវា ៩កក្កដា” ដ៏មានអត្ថន័យ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដ៏ស្រស់បំព្រងនេះ ។

នេះគឺជាលើកទី៤ នៃការប្រារព្វ”ពិធីរុក្ខទិវា”  ដែល ព្រះករុណា ព្រះបរមរតនកោដ្ឋ  ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់បានមកចូលរួមក្នុងពិធី” រុក្ខទិវា ” នៅ ខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំ និងចេនឡា ។ កាលពី ឆ្នាំ១៩៩៣ ព្រះករុណាព្រះមហាវីរក្សត្រ  ព្រះវររាជបិតាជាតិខ្មែរ  ព្រះបរមរតនកោដ្ឋ  ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហប្ញទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី ”រុក្ខទិវា”  នៅខេត្តតាកែវនេះដែរ ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះករុណា ទ្រង់ សូមនាំមកនូវព្រះរាជទានសេចក្តីនឹករលឹក ព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងព្រះរាជទានពរ បវរមហាប្រសើរពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ  សម្តេចម៉ែ  សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  មកប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន និងក្មួយៗជនរួមជាតិទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានសុភមង្គលគ្រប់ប្រការតរៀងទៅ ។

តាមរយៈរបាយការណ៍ស្វាគមន៍យ៉ាងក្បោះក្បាយរបស់ឯកឧត្តមអភិបាល នៃគណៈ អភិបាលខេត្តតាកែវ  ព្រះអង្គសូមអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តរួមគ្នាសម្រច បាននាពេលកន្លងមក និងដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនយើងឱ្យ កាន់តែមានភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះដែរ ព្រះអង្គសូមអរគុណ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលខិតខំ ប្រឹងប្រែងសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខ ស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ  កាត់បន្ថយភាពក្រីក្រ ។ ទន្ទឹមនេះដែរការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋា ភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេច ។

ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះអង្គ សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ ។

ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ ៕

Theme images by Radius Images. Powered by Blogger.