នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យនគរបាលចរាចរណ៍បញ្ឈប់ការពួនស្នាក់ នៅពេលរឹតបន្ដឹងច្បាប់ចរាចរណ៍, ខណៈការរឹតបន្ដឹងនៅទូទាំងប្រទេសធ្វើឡើងនៅសប្ដាហ៍ក្រោយ
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត រឹតបន្ដឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេស និងបង្កើនការផ្សព្វផ្សាយអប់រំ ក្រោយរយៈពេល៦ខែគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងគួរឲ្យព្រួយបារម្ភ និងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋជាច្រើននាក់ ធៀបនឹងឆ្នាំកន្លងទៅ។ ការណែនាំដូចនេះក្នុងកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង នៅពេលឃើញស្ថានភាពនៃការគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយភាគច្រើននៃអ្នកគ្រោះថ្នាក់សុទ្ធតែបាត់បង់ជីវិត និងគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្ដង។ ទន្ទឹមនោះ លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះលោកយល់ឃើញថា មានតែការរឹងបន្ដឹងច្បាប់ចរាចរណ៍ប៉ុណ្ណោះ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។ បើពឹងផ្អែកតែយន្ដការផ្សព្វផ្សាយ អប់រំ ច្បាស់ណាស់មិនអាចកាត់បន្ថយបានឡើយ។នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកជំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅស្នងការនគរបាលរាជធានី-ខេត្ត ត្រូវធ្វើផែនការអនុវត្តឲ្យបានច្បាស់លាស់ តាមអ្វីដែលជាការណែនាំ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេនាធិការ នឹងធ្វើការតាមដានជាប់ជាប្រចាំ។ ប៉ុន្ដែមុននឹងអនុវត្តការរឹតបន្ដឹងច្បាប់ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាមុន តាមមធ្យោបាយនានា ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គម។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ រយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន ១,៥៣៤លើក (យប់៥៥%) បណ្តាលឲ្យស្លាប់ចំនួន ៧៩៣នាក់ កើន៣៧នាក់ ស្មើ៥%(បុណ្យចូលឆ្នាំខ្មែរកើន ១៥នាក់) និងរបួសចំនួន ២,១១៦នាក់ (ធ្ងន់១,២៤៣នាក់) កើន៤៤នាក់ ស្មើ២%។
ចំពោះមូលហេតុបង្កគ្រោះថ្នាក់ រួមមាន ល្បឿន៤០% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ៩% បត់គ្រោះថ្នាក់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៤% ស្រវឹង៣% ងងុយ១% ល្មើសសញ្ញាចរាចរណ៍១% កត្តាអាកាសធាតុ១% និងថ្មើរជើងឆ្លងផ្លូវ១%។ គ្រោះថ្នាក់បង្កដោយអ្នកជិះម៉ូតូ៤៩% អ្នកបើកបររថយន្តធុនស្រាល៣១% អ្នកបើកបររថយន្តធុនធ្ងន់១១% អ្នកបើកបរយានផ្សេងៗ៧% និងថ្មើរជើង១%។
ក្នុងចំណោមអ្នកស្លាប់ រួមមាន អ្នកជិះម៉ូតូចំនួន៧៩% ក្នុងនោះមិនពាក់មួកសុវត្ថិភាពចំនួន៦៧%។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន ៤៥០លើក, ខេត្តកណ្តាល ចំនួន ១៣០លើក និងខេត្តព្រះសីហនុ ចំនួន ១២៩លើក៕
Post a Comment