អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មនុស្សរាប់ពាន់នាក់ ជួបជុំគ្នាសាទរនៅកណ្តាលទីក្រុងប៉ារីស បន្ទាប់ពីគណបក្សឆ្វេងនិយម នាំមុខការបោះឆ្នោត - Read News TV

មនុស្សរាប់ពាន់នាក់ ជួបជុំគ្នាសាទរនៅកណ្តាលទីក្រុងប៉ារីស បន្ទាប់ពីគណបក្សឆ្វេងនិយម នាំមុខការបោះឆ្នោត

បារាំង៖ កាលពីចុងសប្តាហ៍កន្លងទៅ មនុស្សរាប់ពាន់នាក់ ដែលជាក្រុមអ្នកមិនពេញចិត្តនឹងគណបក្សស្តាំនិយម បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងប៉ារីស ដើម្បីបង្ហាញនូវការអបអរសាទរ បន្ទាប់ពីការបោះឆ្នោតជុំទីពីរដែលនឹងធ្វើឱ្យមានការព្យួរសភា រួមទាំងបង្ហាញថា សម្ព័ន្ធភាពនៃគណបក្សឆ្វេងនិយម បានកាន់កាប់តំណែងកំពូលទាំងមិនបានរំពឹងទុក ។ លទ្ធផលនេះ ក៏នឹងក្លាយជាការរារាំងចំពោះគណបក្សស្តាំនិយមរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ពីការដឹកនាំរដ្ឋាភិបាលបារាំង ថែមទៀតផង ។

ស្ថិតនៅឯទីលានសាធារណៈ (Place de la Republique) កណ្តាលទីក្រុងប៉ារីស អ្នកចូលរួមនៅក្នុងការជួបជុំនេះ បាននាំគ្នាទះដៃ ស្រែកហ៊ោកញ្ជ្រៀវ និងនិយាយតាមពាក្យស្លោក រួមទាំងមានការបាញ់កាំជ្រួចអមដើម្បីអបអរជាដើម ។

លទ្ធផលនៃការស្ទង់ប្រជាមតិដែលធ្លាប់ព្យាករណ៍ បានបង្ហាញថា គណបក្ស National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) នឹងក្លាយជាគណបក្សធំជាងគេ ប៉ុន្តែជាក់ស្តែង គណបក្សរបស់លោកស្រី បានឈរនៅត្រឹមលេខរៀងទីបី តែប៉ុណ្ណោះ ។

នៅក្នុងការជួបជុំគ្នានោះ ក៏បានបង្ហាញនូវការរិះគន់ចំពោះលោកប្រធានាធិបតី អ៊ែលម៉ានូអ៊ែល ម៉ាក្រុង ផងដែរ ពាក់ព័ន្ធនឹងការអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់ បន្ទាប់ពីក្រុមគណបក្សកណ្តាលនិយមរបស់លោក បានបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃទី៩ ខែមិថុនា ។


ក្នុងពេលដំណាលគ្នា ក្រុមអ្នកគាំទ្រសម្ព័ន្ធឆ្វេងនិយម បានបង្ហាញភាពរីករាយ និងក្តីសង្ឃឹមសម្រាប់លទ្ធផលនៃការបោះឆ្នោតនីតិបញ្ញត្តិនាពេលនេះ ដោយអ្នកគាំទ្រក្រុមគណបក្សបៃតង បានច្រៀងភ្លេងជាតិបារាំង និងនាំគ្នាអបអរ បន្ទាប់ពីទទួលបានលទ្ធផលជាផ្លូវការ ខណៈអ្នកគាំទ្រក្រុមគណបក្សសង្គមនិយម បានជួបជុំគ្នាក្នុងក្លឹបកម្សាន្ត ដើម្បីអបអរសារទរចំពោះជ័យជម្នះរបស់ក្រុមសម្ព័ន្ធឆ្វេងនិយម ។

ពលរដ្ឋមួយរូបឈ្មោះ Vincent មានអាយុ ២៤ ឆ្នាំ និងជាអ្នកគាំទ្រក្រុមសង្គមនិយម បានបង្ហាញចំណាប់អារម្មណ៍ថា "លទ្ធផលទាំងអស់នាពេលនេះ បានធ្វើឱ្យយើងទទួលបាននូវក្តីសង្ឃឹមជាច្រើន ហើយវាក៏ធ្វើឱ្យអ្នកគិតថា ឆ្នាំ ២០២៧ (ជាឆ្នាំនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី) ក៏នឹងក្លាយជាគោលដៅដែលយើងអាចសម្រេចបាន" ។

គួររំឮកថា លទ្ធផលនៃការបោះឆ្នោតនេះ នឹងធ្វើឱ្យសភាបែងចែកជាបីក្រុមធំៗ គឺក្រុមឆ្វេង កណ្តាល និងស្តាំនិយមជ្រុល ជាមួយនឹងនិន្នាការខុសស្រឡះពីគ្នា រួមទាំងមិនចុះសម្រុងនឹងគ្នាជាដើម ហើយរឿងដែលនឹងកើតមានឡើងនាពេលបន្ទាប់ ក៏នៅមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ ។

យោងតាមការព្យាករណ៍ដោយម្ចាស់ឆ្នោត ផ្អែកលើលទ្ធផលដំបូងពីតាមការិយាល័យបោះឆ្នោត បានឱ្យដឹងថា សម្ព័ន្ធភាពឆ្វេងនិយម ដែលប្រមូលផ្តុំដោយក្រុមឆ្វេងនិយម សង្គមនិយម និងក្រុមបៃតង អាចនឹងឈ្នះអាសនៈចន្លោះពី ១៧២ ទៅ ២១៥ ក្នុងចំណោម ៥៧៧ អាសនៈ ៕

Theme images by Radius Images. Powered by Blogger.