នាឡិកាធំ និងខ្ពស់ជាងគេនៅខេត្តកំពត សាងសង់បាន ៨០%ហើយ ក្រោយសាងសង់រួច ខេត្តជាប់មាត់សមុទ្រមួយនេះ នឹងទាក់ទាញអ្នកទេសចរកាន់តែច្រើនថែមទៀត
កំពត៖ ជើងទ្រនាឡិកាធំ និងខ្ពស់ជាងគេនៅខេត្តកំពត សាងសង់រួចបាន ៨០%ហើយ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមវិស្វករនឹងលើកនាឡិការដាក់លើជើងទ្រហើយ។ ក្រោយសាងសង់រួច នាឡិការដ៏ធំនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ទាក់ទាញអ្នកទេសចរកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា នាឡិកាធំនេះ មានកម្ពស់ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតជិត ១០ម៉ែត្រ ដែលដាក់លម្អក្រុង និងព្រែកកំពតមួយនេះ ធ្វើឡើងស្របពេលដែលក្នុងឆ្នាំ២០២៤ នឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ គឺពិធីបុណ្យអុំទូក បុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំសកល។
លោក សយ ស៊ីណុល បានរំពឹងទុកថា ក្នុងព្រឹត្តិការណ៍ធំៗទាំងនោះ ខេត្តកំពតនឹងទទួលបានភ្ញៀវទេសចរមកសម្រាកកម្សាន្តច្រើនទ្វេដង ព្រោះសមិទ្ធផលទេសចរណ៍ថ្មីៗជាច្រើនបានលេចចេញជារូបរាង ហើយប្រជាពលរដ្ឋក៏នឹងទទួលបានចំណូលពីវិស័យទេសចរណ៍ច្រើន ដែលជាកត្តាធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើឡើងថែមទៀត៕













Post a Comment