អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចុះបញ្ជីដីធ្លីជូនពលរដ្ឋ - Read News TV

លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចុះបញ្ជីដីធ្លីជូនពលរដ្ឋ

ប៉ៃលិន៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា៖ ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដី ធ្វើតែឯងនោះទេ គឺត្រូវចូលរួមធ្វើទាំងអស់គ្នា ។ ការថ្លែងបែបនេះ ក្នុងឱកាសប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងថា៖ គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋត្រូវខិតខំបំពេញភារកិច្ចនេះ ឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស ហើយដើម្បីជំរុញការចុះបញ្ជីដីធ្លី «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការ ដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុង ទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្រ្តី បានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងគ្រប់ភាគីពាកព័ន្ធទាំងអស់ ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រំ មរតកដ៏មានតម្លៃនានា ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកឲ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម៕

Theme images by Radius Images. Powered by Blogger.