អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ចាប់ខ្លួនក្រុមធ្វើសកម្មភាពយ៉ាងសកម្ម ចូលលួច ប្លន់ប្រាក់ផ្ទះសេវាផ្ទេរប្រាក់ តាមបណ្តារាជធានី-ខេត្ត ជាច្រើនលើក និងច្រើនទីតាំង - Read News TV

ចាប់ខ្លួនក្រុមធ្វើសកម្មភាពយ៉ាងសកម្ម ចូលលួច ប្លន់ប្រាក់ផ្ទះសេវាផ្ទេរប្រាក់ តាមបណ្តារាជធានី-ខេត្ត ជាច្រើនលើក និងច្រើនទីតាំង

កណ្តាល៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រុមជនល្មើសបានធ្វើសកម្មភាពប្លន់ផ្ទះវីង នៅចំណុចភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រាក់ប្រហែល ១០លានរៀល ហើយគេចខ្លួនបាត់ទៅ។

ក្រោយពីបានទទួលពាក្យរបស់ជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកមុខកំពូល ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកមុខកំពូល ដឹកនាំចុះផ្ទាល់ដោយ លោក មេបញ្ជាការរង ទូច អ៉ីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ជាបន្តបន្ទាប់ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ កំពុងស្នាក់នៅខេត្តប៉ៃលិន។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ដោយមានការដឹកនាំរួមសហការពីស្នងការដ្ឋានស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តប៉ៃលីន ជំនាញកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ (ស្រី ៣នាក់) នៅចំណុចសណ្ឋាគារចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងវត្ថុតាងចាប់យកពីក្រុមជនសង្ស័យរួមមាន រថយន្ត ម៉ាក Toyota Prius ចំនួន ២គ្រឿង, ម៉ូតូ ម៉ាក Honda dream C១២៥ ចំនួន ៣គ្រឿង, មួកសុវត្ថិភាពចំនួន ៣, ទូរសព្ទ ចំនួន ១០គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៥, ប័ណ្ណសម្គាស់ទោចក្រយាន ចំនួន ២, ប័ណ្ណបើកបរចំនួន ២, លោហៈធាតុពណ៌លឿង (ក្រវិល ១គូ ចិញ្ចៀនពណ៌លឿងលាយសចំនួន ០២វង់), ប្រាក់រៀលមួយចំនួន, កាបូបស្បែកតូចធំចំនួន ៩, ថង់ក្រណាត់សម្រាប់ដាក់ប្រាក់លួចបានចំនួន ២, សំលៀកបំពាក់បុរសស្រ្តី សម្រាប់ផ្លាស់ប្តូរមុនពេល និងក្រោយពេលធ្វើសកម្មភាពរួច មួយចំនួន។

នៅចំពោះមុខជំនាញកងរាជអាវុធហត្ថ ក្រុមជនសង្ស័យទាំង ៨នាក់ បានឆ្លើយសារភាពថា នៅក្នុងឆ្នាំ២០២៤ ក្រុមគេធ្លាប់បានធ្វើសកម្មភាពចំនួន ១៦លើក នៅរាជធានីភ្នំពេញចំនួន ៥លើក, ខេត្តកណ្តាលចំនួន ៣លើក, ខេត្តតាកែវចំនួន ២លើក, ខេត្តកំពង់ឆ្នាំងចំនួន ២លើក, ខេត្តបាត់ដំបងចំនួន ៣លើក, ខេត្តកំពង់ស្ពឺចំនួន ១លើក, និងខេត្តប៉ៃលិន(កំពុងរៀបចំផែនការ មិនបានសម្រេច ដោយត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានមុនធ្វើសកម្មភាព)។

ដោយឡែកមុនឆ្នាំ២០២៤ ពួកគេធ្វើសកម្មភាពស្ទើរគ្រប់រាជធានី-ខេត្ត បានសម្រេចជាច្រើនលើកទៀតផងដែរ។ ចុងក្រោយនេះ ពួកជនល្មើសបានជួបជុំគ្នានៅខេត្តប៉ៃលិន ថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ រៀបចំផែនការ ជិះមើលភូមិសាស្រ្ត ដើម្បីធ្វើសកម្មភាពបន្លំចូលលួចលុយនៅផ្ទះវេប្រាក់វីងចំនួនពីរទីតាំង ស្ថិតក្នុងទីរួមខេត្តប៉ៃលិន តែមិនទាន់បានធ្វើសកម្មភាពផងក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់។

តាមការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងហ្មត់ចត់ទាំងយប់ទាំងថ្ងៃ ក្រុមនេះមុននឹងធ្វើសកម្មភាពម្តងៗ មានអ្នកដើរមើលទីតាំងផ្ទះណាមានអំណោយផលល្អសម្រាប់ពួកគេធ្វើសកម្មភាព ហើយពួកគេប្រើរូបភាពបំភ័ន្តភ្នែកជនរងគ្រោះ និងសមត្ថកិច្ច ដោយមានអ្នកចាំមើលផ្លូវ មានម្នាក់ចូលទៅធ្វើជាទិញអីវ៉ាន់ ឬដូរលុយ នាំនិយាយឲ្យជនរងគ្រោះភ្លេចខ្លួន ធ្វើយ៉ាងណាឃ្លាតឆ្ងាយពីកន្លែងទុកប្រាក់ បើឃើញមានឱកាសល្អទើបឲ្យម្នាក់ទៀតចូលយកកាបូបប្រាក់តែម្តង រួចមានម្នាក់អង្គុយលើម៉ូតូរង់ចាំដឹករត់គេចខ្លួន លុះដល់កន្លែងស្ងាត់ទើបឲ្យជនល្មើស (អ្នកចូលយកប្រាក់) និងជនល្មើស (អ្នកចូលទៅធ្វើជាទិញអីវ៉ាន់) ឡើងរថយន្ត ហើយអ្នកនៅក្នុងរថយន្តប្តូរមកជិះម៉ូតូម្តង រួចបំបែកផ្លូវគ្នារៀងៗខ្លួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល៕

Theme images by Radius Images. Powered by Blogger.