ទឹកជំនន់បណ្តាលមកពី បាក់ទំនប់អាងទឹកស្អាតក្រុមហ៊ុន ANCO ធ្វើឱ្យជន់លិចផ្ទះពលរដ្ឋ និងផ្លូវមួយចំនួន
ខេត្តកោះកុង៖ ផ្ទះពលរដ្ឋចំនួន៣ខ្នង ព្រមទាំងផ្លូវមួយចំនួនកំពុងរងនូវការជន់លិច ដោយសារការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply នៅចំណុចភូមិកៀនក្រឡាញ់ ឃុំភ្ញឺមាស ស្រុកគិរីសាគរ។ នេះបើតាមការឱ្យដឹងពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានឱ្យដឹងថា ការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply បណ្ដាលឱ្យមានការជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋប្រមាណ៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញឺមាស១ខ្នង រួមទាំងផលដំណាំមួយចំនួនក្នុងភូមិកៀនក្រឡាញ់ ភូមិភ្ញីមាស ក្នុងឃុំភ្ញីមាស ភូមិព្រែកស្មាច់ និងភូមិពាមកាយ ក្នុងឃុំកោះស្តេច។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយរងគ្រោះ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ខណៈរយៈពេលប៉ុន្មានថ្ងៃមកនេះ ខេត្តកោះកុងមានភ្លៀងធ្លាក់ជាប់ៗគ្នាជាប្រចាំ៕




Post a Comment