ព្រះមហាក្សត្រថៃ បានឡាយព្រះហស្ថលេខាលើព្រះរាជក្រមចូលជាធរមាននូវច្បាប់ស្តីពី អាពាហ៍ពិពាហ៍ភេទដូចគ្នា
ថៃ៖ ដោយយោងតាមសៀវភៅព្រះរាជកិច្ចប្រទេសថៃបានប្រកាសកាលពីរសៀលថ្ងៃអង្គារថា ព្រះមហាក្សត្រថៃទ្រង់បានឡាយព្រះហស្ថលេខាលើព្រះរាជក្រមឱ្យក្លាយទៅច្បាប់ដែលអាចរៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលគេចាត់ទុកថា ប្រទេសថៃជាប្រទេសទី១នៅក្នុងតំបន់អាស៊ាន ហើយក៏ជាទីតំាងដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីដែលទទួលស្គាល់ភាពស្មើមុខនៃកិច្ចអាពាហ៍ពិពាហ៍ ដូចមនុស្សមានភេទផ្ទុយគ្នាដែរ។
ព្រះចៅ មហា វៈជីរ៉ាលុង្ករណ៍ ទ្រង់បានឡាយលើព្រះរាជក្រមឱ្យក្លាយទៅជាច្បាប់ធរមាន បន្ទាប់ពីសភាបានអនុម័តិកាលពីខែមិថុនាកន្លងទៅ ។ ច្បាប់នេះនឹងចូលជាធរមាននៅក្នុងរង្វង់១២០ថ្ងៃបន្ទាប់ ដែលមានន័យថា អ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការជាលើកដំបូងនៅក្នុងខែមករា ឆ្នំា២០២៥ខាងមុខនេះបានដោយស្របច្បាប់ហើយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ឱ្យដឹងបន្ថែមនៅព្រឹកថ្ងៃពុធនេះដែរថា ប្រទេសថៃជាប្រទេសទី៣នៅក្នុងទ្វីបអាស៊ី ដែលអ្នកមានភេទដូចគ្នាអាចភ្ជាប់ឧបនិស្ស័យជាមួយគ្នា បន្ទាប់ពីកោះតៃវ៉ាន់ និងប្រទេសនេប៉ាល់។
នៅក្នុងច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នានេះ ត្រូវបានគេប្រើជាវាក្យសព្ទថា “អព្យាកតសមភេទ”(gender-neutral) ដែលមានន័យសំដៅទៅលើ “បុរស” ឬ “នារី” ប្តី ឬ “ប្រពន្ធ” អាចមានសិទ្ធិរៀបការភេទដូចគ្នាបាន។
គួររំលឹកផងដែរថា នៅលើពិភពលោកយើងនេះ មានប្រទេសច្រើនជាង៣០ ដែលមាននីត្យានុកូលភាពអាចឱ្យមនុស្សមានភេទដូចគ្នារៀបការបានដោយសេរី ក្នុងនោះប្រទេសហូឡង់បានក្លាយទៅជាប្រទេសដំបូងគេដែលបានប្រារព្ធពិធីអបអរសាទរចំពោះការរៀបការមនុស្សមានភេទដូចគ្នាកាលពីឆ្នំា២០០១ ប្រកបដោយភាពអឹកធឹក។
ដោយឡែកប្រទេសឥណ្ឌាឯណោះវិញ តុលាការកំពូលបានពន្យាពេលលើសេចក្តីសម្រេចស្តីពីការរៀបការសមភាពភេទនេះកាលពីឆ្នំាមុន ខណៈទីក្រុងហុងកុងនោះវិញតុលាការកំពូលបានបញ្ឈប់ទំាងស្រុងដោយមិនអនុញ្ញាតឱ្យមានកិច្ចអាពាហ៍ពិពាហ៍សមភាពភេទពេញលេញនោះឡើយ៕



Post a Comment