មិនញញើតនឹងជនបង្កអសន្តិសុខក្នុងមូលដ្ឋាន ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់
ខេត្តស្ទឹងត្រែង ៖ ក្នុងប្រតិបត្តិការរក្សាគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់នៅករណីជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀនដែលធ្វើឲ្យមនុស្សបាត់បង់ស្មារតីរហូតឈានដល់ការកាប់បំផ្លាញទ្រព្យសម្បត្តិនិងធ្វើទុក្ខបុកម្នេញគំរាមកំហែងអ្នកជិតខាងគួរឲ្យភ័យខ្លាច ។
ក្រោយកើតមានករណីខាងលើ អភិបាលខេត្ត ឯកឧត្តម សរ សុពុត្រា នារសៀលថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមក្លាំងរួមមានលោក សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង លោកចៅសង្កាត់ស្ទឹងត្រែង បានដឹកនាំប្រតិបត្តិការបង្ក្រាបករណីជនបែកថ្នាំប្រើប្រាស់កាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងអ្នកជិតខាង។
ក្រោយប្រតិបត្តិការបង្ក្រាបនិងគ្រប់គ្រង់សភាពការខាងលើនេះដោយជោគជ័យ ឯកឧត្តមអភិបាលខេត្តបានបន្តឈានទៅបង្ក្រាបករណីជួញដូរប្រើប្រាស់គ្រឿងញៀន និងទីតាំងទទួលបញ្ចាំដោយគ្មានលិខិតស្នាមច្បាស់លាស់ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តផងដែរ។
លោកឧត្តមសេនីយ៍ត្រី សេងសុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឲ្យដឹងនៅព្រឹកថ្ងៃទី ១៥ កញ្ញា ២០២៤នេះថាករណីខាងលើត្រូវបានបញ្ចប់ដោយជោគជ័យក្រោយបោសសម្អាតក្រុមជួញដូរប្រើប្រាស់គ្រឿងញៀននិងជនបែកថ្នាំបន្តអសន្តិសុខក្នុងមូលដ្ឋាន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕














Post a Comment