អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជេីញបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិ ជូននាយឧត្តមសេនីយ៍ ស ថេត - Read News TV

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជេីញបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិ ជូននាយឧត្តមសេនីយ៍ ស ថេត

ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជេីញជាអធិបតីបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែង អគ្គស្នងការនគរបាលជាតិ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គោរពជូន ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា និងអង្គពិធីទាំងមូលថា រយៈពេល ៩ខែ ឆ្នាំ២០២៣ កម្លាំងនគរបាលជាតិ នៅតែឈរជាស្នូលយ៉ាងសំខាន់ ក្នុងការរក្សាសន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព។ ក្រោមការដឹកនាំចង្អុលបង្ហាញដោយក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលគ្រប់ជំនាញ គ្រប់ថ្នាក់ បានចាត់តាំងអនុវត្តនូវគោលការណ៍ វិធានការ និងផែនការនានា ដែលបានដាក់ចេញសំដៅការពារសុខសន្ដិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ដោយបង្ការទប់ស្កាត់ ប្រកបដោយប្រសិទ្ធិភាពនូវឧបាយកលរបស់ពួកមាននិន្នាការប្រឆាំងជ្រុលនិយម ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កអសន្ដិសុខ ក្នុងចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញអានព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងតែងតាំងមុខតំណែង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជំនួស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ។

ទន្ទឹមនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ការពារដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ, គោរព និងអនុវត្តយ៉ាងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយជាតិ និងបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, ដើរតាមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជាពិសេសគោរព និងអនុវត្តតាមគោលនយោបាយជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ប្ដេជ្ញាធានាថែរក្សាការពារឱ្យបានគត់ម៉ត់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ ព្រមទាំងចូលរួមការពារឱ្យបានជាដាច់ខាតនូវបូរណៈភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេសទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមគ្រប់រូបភាព មិនឱ្យកើតមានឡើងនៅលើទឹកដីកម្ពុជាជាដាច់ខាត។

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រី កងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះប្រជាពលរដ្ឋ ជាពិសេសពុះពារគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សង្គមជាតិ និងបម្រើប្រជាពលរដ្ឋគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា”។

លើសពីនេះទៀត ឯកឧត្តម អភិសន្ដិបណ្ឌិត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នាពេលកន្លងមក ក្នុងនាមជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នីតិកាលទី៦ ហើយបច្ចុប្បន្នជា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំ កសាងពង្រឹង កម្លាំងនគរបាលជាតិប្រកបដោយជំនាញ វីជ្ជាជីវៈ សីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការពង្រឹងថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ទូទាំងប្រទេស សំដៅបង្រួបបង្រួមជាតិ ហើយក៏ផ្ដល់ឱកាសឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម អភិសន្ដិបណ្ឌិត បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកំណែទម្រង់ និងពង្រឹងរដ្ឋបាលកិច្ចជាស្នូល ដែលជាកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលបានចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២៣នេះ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងសភាពការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងប្រែប្រួលមិនអាចប៉ាន់ស្មានបាន និងហានិភ័យខ្ពស់ ជាពិសេសប្រឈមក្នុងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ក៏ដូចជាការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៅភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ជាដើម។ ឯកឧត្តម អភិសន្ដិបណ្ឌិត បន្ដថា ការដាក់ចេញនូវយុទ្ធសាស្ដ្រថ្មីនេះ គឺជាការបន្ដអនុវត្តនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នាអាណត្តិកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ កត្តិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធិភាព រក្សាបាននូវសុខសន្ដិភាព ពេញលេញ ដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា ជាពិសេសយកឈ្នះលើវិបត្តិកូវីដ-១៩ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញការងារអាទិភាព ក៏ដូចជាការណែនាំមួយចំនួន ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត រួមមាន៖

*ទី១៖ ត្រូវខិតខំប្រឹងប្រែងរួមគ្នាថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី មិនឲ្យមានការលូកដៃពីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ព្រមទាំងទប់ស្កាត់ប្រឆាំងដាច់ខាត រាល់សកម្មភាពប៉ុនប៉ងណាមួយ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការញុះញង់ណាមួយដើម្បីបង្កអស្ថេរភាពនយោបាយ ឬបង្កភាពវឹកវរក្នុងសង្គម។

*ទី២៖ បង្កើនថែរក្សាសន្ដិភាព ដោយបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ កងកម្លាំងអនុវត្តច្បាប់ នៃប្រទេសដែលមានព្រំដែនជាប់កម្ពុជា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្ដូរព័ត៌មាន សហការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ នៃក្រុមឧក្រិដ្ឋកម្មនោះ និងអំពើជួញដូរមនុស្ស និងអំពើផ្សេងៗទៀត ដែលអាចមានផលប៉ះពាល់កម្ពុជា ក្នុងការអភិវឌ្ឍ។

*ទី៣៖ បន្ដពង្រឹងការងារនគរបាល និងសហគមន៍ សំដៅជំរុញអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព គៀរគរប្រមែលប្រមូលចូលរួមគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋដើម្បីបង្ការ បង្ក្រាបបទល្មើសនានានៅតាមសហគមន៍ ព្រមទាំងការថែរក្សាសណ្ដាប់ធ្នាប់ បរិស្ថាន និងចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពនេះ។

*ទី៤៖ គ្រឿងញៀនខុសច្បាប់ជាបញ្ហាប្រឈមមានលក្ខណៈគ្រោះថ្នាក់ស្មុគស្មាញបំផុត ពិសេសយន្ដការនៃការផលិត ចរាចរណ៍ ជួញដូរ និងការចែកចាយគ្រឿងញៀនខុសច្បាប់នៅតំបន់ និងពិភពលោក មិនមានបញ្ហាថមថយនោះឡើយ។ ក្នុងឆ្នាំ២០២២កន្លងទៅនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបង្ក្រាប រឹបអូសសារធាតុញៀនគ្រប់ប្រភេទប្រមាណ១៦តោន និងសារធាតុគីមីផ្សំប្រមាណ៣៤៤តោន។

ក្នុងន័យនេះ កងកម្លាំងនគរបាលជាតិ ត្រូវលើកកម្ពស់ឲ្យកាន់តែខ្លាំងថែមទៀតរវាងក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ អនុវត្តយន្ដការប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់វិធានការផ្សព្វផ្សាយអប់រំ វិធានការស្រាវជ្រាវបង្ក្រាប និងបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស និងអង្គការអន្ដរជាតិពាក់ព័ន្ធទាំងក្នុងតំបន់ និងពិភពលោក។ សិក្សាបទពិសោធន៍ក្នុងការបង្ក្រាប និងការស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។

*ទី៥៖ បន្ដបង្កើនវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សណ្ដាប់ធ្នាប់តាមដងផ្លូវ ទីក្រុង ទីប្រជុំ ដើម្បីដោះស្រាយការកកស្ទះ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

*ទី៦៖ ចំពោះកំណែទម្រង់កងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់បណ្ដុះបណ្ដាលនគរបាលជាតិ ឲ្យមានជំនាញច្បាស់លាស់ គោរពឲ្យបានខ្ជាប់ខ្ជួនវិន័យកងកម្លាំង ពង្រឹងការជ្រើសរើសបញ្ចូលក្របខ័ណ្ឌនគរបាលជាតិ ឲ្យបានត្រឹមត្រូវមានតម្លាភាព។ ប្រគល់មុខតំណែង តម្លើងឋានន្ដរស័ក្ដិ និងការកោតសរសើរ ផ្ដល់រង្វាន់ផ្អែកទៅលើលក្ខណៈសម្បត្តិ និងបទពិសោធន៍ការងារ ព្រមទាំងការអនុវត្តវិន័យកងកម្លាំងឲ្យបានម៉ឺងម៉ាត់ និងលើកកម្ពស់ប្រសិទ្ធភាពការងារ។

*ទី៧៖ ស្នើថ្នាក់ដឹកនាំមន្ដ្រីនគរបាលជាតិទាំងអស់ ត្រូវផ្ដល់ការគាំទ្រដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីបន្ដដឹកនាំ គ្រប់គ្រង ក្នុងភារកិច្ចថ្មី ពិសេសបន្ដថែរក្សាសុខ សន្ដិភាព សាធារណៈ និងសុវត្ថិភាពសង្គមឲ្យតែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ៕






















Theme images by Radius Images. Powered by Blogger.