ឯកឧត្តម ខៀវ កាញារីទ្ធ ចាកចេញពីក្រសួងព័ត៌មាន ក្រោយបំពេញការងារអស់ ៣០ឆ្នាំ និង ប្រវត្តិរូបសង្ខេប
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ បានចាកចេញពីក្រសួងព័ត៌មាន ដែលលោក បានបំពេញការងារអស់រយៈពេល ៣០ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៣ ជារដ្ឋលេខាធិការ រហូតដល់ឡើងជារដ្ឋមន្ត្រី នៅឆ្នាំ២០០៤។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញក្តីស្រឡាញ់ និងអាឡោះអាល័យយ៉ាងខ្លាំង ចំពោះការចាកចេញរបស់ឯកឧត្តម ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី១៨ ខែសីហានេះ។
កើតនៅថៃ្ងទី១៣ ខែកញ្ញា ឆ្នាំ១៩៥១ ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីកុមារភាព បានរៀននៅសាលាបឋមសិក្សាមជ្ឈឹម ក្នុងខេត្តបាត់ដំបង។ បន្ទាប់មក ឯកឧត្តម បានបន្តការសិក្សា នៅសាលាបឋមសិក្សា ពៅអ៊ុំ ក្នុងក្រុងភ្នំពេញ។
ប្រវត្តិរូបសង្ខេប ដែលបានផ្សព្វផ្សាយក្នុងគេហទំព័ររបស់ក្រសួងព័ត៌មាន បង្ហាញថា ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ឯកឧត្តម ក៏ជាសិស្សមន្រ្តីជាន់ខ្ពស់ ខាងការទូតនៃសាលាជាតិរដ្ឋបាល ជំនាន់ទីពីរ។
ការងារក្នុងនីតិប្បញ្ញត្តិ ឯកឧត្តម ខៀវ កាញារីទ្ធ ជាតំណាងរាស្រ្ត ប្រចាំខេត្តកណ្តាល ជាតំណាងរាស្រ្ត ប្រចាំរាជធានីភ្នំពេញ និងជាតំណាងរាស្រ្ត ប្រចាំខេត្តកំពង់ចាម។
ចំណែកការងារក្នុងនីតិប្រតិបត្តិ ក៏បានបង្ហាញថា ឯកឧត្តម ខៀវ កាញារីទ្ធ ជានិពន្ធនាយកកាសែតកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០។ លោក ក៏ជាទីប្រឹក្សានាយករដ្ឋមន្រ្តី ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣។ លោក ខៀវ កាញារីទ្ធ ជាប្រធានក្រុមលេខាធិការរបស់រដ្ឋកម្ពុជា នៅក្នុងឧត្តមក្រុមប្រឹក្សាជាតិ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣។
នៅពេលប្រទេសកម្ពុជាយើង រៀបចំការបោះឆ្នោត ដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ ឯកឧត្តម ខៀវ កាញារីទ្ធ បានកាន់តំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤។ នៅឆ្នាំ២០០៤ ដល់បច្ចុប្បន្ន លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន។
អ្នកកាសែតជើងចាស់ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានសរសេរសៀវភៅ និងបានចេញផ្សាយជាច្រើនរួចមកហើយ រួមមាន៖ ញញឹមចុងក្រោយ, ឆ្ងាយហួសពីជើងមេឃ (បកប្រែ), អប្សរានៃអង្គរ (បកប្រែ), អ្នកដែលឃ្លាតឆ្ងាយ, ការហិនហោចព្រៃឈើ (បកប្រែ) និងសៀវភៅ អគ្គមហាសេនា (បកប្រែ)។
បន្ទាប់ពីចាកចេញពីតំណែងរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងនីតិកាលទី៧ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលមានវ័យ ៧២ឆ្នាំ នឹងទៅធ្វើការនៅរដ្ឋសភា ក្នុងនាមជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម របស់គណបក្សប្រជាជនកម្ពុជា៕




Post a Comment