រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទើបឡើងថ្មី កំណត់បេសកកម្មចម្បង ៣ចំណុច
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីមុខងារសាធារណៈថ្មី លោក ហ៊ុន ម៉ានី បានប្តេជ្ញាខិតខំជំរុញ អនុវត្តចក្ខុវិស័យនាយករដ្ឋមន្ត្រី ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ ដែលជាបេសកកម្មចម្បង ០៣ របស់ក្រសួងមុខងារសាធារណៈ ក្នុងអាណត្តិទី៧។
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងកំណត់ទិសដៅការងារនៃក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងមុខងារសាធារណៈ។
លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបសំណេះសំណាល និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ នាអាណត្តិ កន្លងមក ក៏ដូចជាការកំណត់ទិសដៅការងារជាអាទិភាព ឆ្ពោះទៅមុខ សម្រាប់ក្រសួងមុខងារសាធារណៈ។
លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ សម្រាប់អាណត្តិទី៧ ។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់រំម្លឹកនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗកន្លងមក ក្រោមការដឹកនាំក្រសួងគ្រប់ៗរូប និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលបានបំពេញការងារយ៉ាងសកម្ម ចាប់តាំងពីការកកើតស្ថាប័ននេះ រហូតដល់បច្ចុប្បន្ន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានកំណត់បេសកកម្មចម្បង ក្នុងការដឹកនាំក្រសួងមុខងារសាធារណៈ មាន 0៣ ចំណុច ដូចជា៖ (១) ការអនុវត្តចក្ខុវិស័យរបស់លោកកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (២) ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និង(៣) ចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។
សូមជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ នាព្រឹកនេះ បានបញ្ចប់ដោយប្រកបដោយភាតរភាព និងសាមគ្គីភាព ព្រមទាំងភាពជឿជាក់យ៉ាងមុតមាំ ក្នុងការរួមគ្នាដោះស្រាយបញ្ហានានា និងចូលរួមក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យមុខងារសារធារណៈទូទាំងរាជធានី ខេត្ត សរុបប្រមាណជាង ១០០០ រូប ៕



Post a Comment