សមត្ថកិច្ចនឹងស្វែងរកជនបង្កើតហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាលក្លែងក្លាយដើម្បីអនុវត្តច្បាប់
កណ្តាល៖ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនឹងស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនខិលខូច ដែលបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំដាក់ឈ្មោះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីអនុវត្តវិធានការច្បាប់។ ការព្រមានបែបនេះ ធ្វើឡើងបន្ទាប់ពីពេលថ្មីៗមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំដោយដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមិនមែនជាទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនោះទេ។ នេះបើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៨សីហា។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាលតាមរយៈទំព័រហ្វេសប៊ុកបានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានផេកផ្លូវការតែមួយគត់ ដែលមានឡូហ្គោ សញ្ញារូបសឹង្ហ មានអក្សរអគ្គស្នងការដ្ឋាននគរបាលជាតិនៅពីលើ មានអក្សរស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅពីខាងក្រោម និងមានចំនួនអ្នកតាមដាន (Follower) 333K ។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជាក់ជូនសាធារណជនមេត្តាជ្រាប រួមទាំងអ្នកដែលមានការពាក់ព័ន្ធត្រូវបញ្ឈប់ និងលុបរាល់គណនីដែលខ្លួនបានបង្កើតជាបន្ទាន់៕

Post a Comment