អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អ្នកតាមដាន​សង្គម​គាំទ្រ​ការណែនាំ​មន្ត្រី​នគរបាល​ចរាចរណ៍​បញ្ឈប់​ការពួន​ស្ទាក់ចាប់​ពលរ​ដ្ឋ​តាម​ដងផ្លូវ​ - Read News TV

អ្នកតាមដាន​សង្គម​គាំទ្រ​ការណែនាំ​មន្ត្រី​នគរបាល​ចរាចរណ៍​បញ្ឈប់​ការពួន​ស្ទាក់ចាប់​ពលរ​ដ្ឋ​តាម​ដងផ្លូវ​

ភ្នំពេញ៖ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ផែន​ការងារ​សណ្តាប់ធ្នាប់​ចរាច​រណ៍ កាលពី​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី បាន​ប្រកាស​ណែនាំ​ដល់​មន្ត្រីនគរបាល​សណ្តាប់ធ្នាប់​ចរាចរណ៍ ដែល​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅតាម​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​លុប​បំបាត់​ការ​ពួន​ស្ទាក់​ចាប់​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ និង​ណែនាំ​ដល់​មន្ត្រី​នគរបាល​ចរាច​រណ៍​ទាំងអស់​ត្រូវតែ​មាន​កាយ​វិកា​រ ពាក្យសំដី​ទន់ភ្លន់ និង​មិន​ត្រូវ​ប្រើ​អំពើហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​នោះឡើយ​។​

ជា​ការកត់សម្គាល់ កន្លងមក​ធ្លាប់​មាន​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ជាច្រើន​បាន​រិះគន់ និង​រអ៊ូរទាំ​តាមរយៈ​បណ្ដាញ​សង្គម​ជុំវិញ​ករណី​មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ចរាច​រណ៍ ឬ​ប៉ូលិស​ចរាចរណ៍ ពួន​ស្ទាក់​ចាប់​។ ពួកគេ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ចរាច​រណ៍ និង​ថា សកម្មភាព​ពួនស្ទាក់​របស់​មន្ត្រីនគរបាល​ចរាច​រណ៍​មិនមែន​ជា​ការចូលរួម​រឹត​បន្តឹង​ច្បាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ​។​

គួរ​ឱ្យ​ដឹងថា ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៣​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​កើតឡើង​ចំនួន ១,៥៤៨​លើក បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ៧៥៦​នាក់ និង​រងរបួស​ចំនួន ២,០៧២​នាក់​។ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២ មានការ​ថយ​ចំនួន ៦១​លើក ស្មើ ៤​ភាគរយ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​កើតឡើង​នៅពេល​យប់ ដោយ​មាន​រហូតដល់​ទៅ​៥៤​ភាគរយ ក្នុងនោះ រាជធានី​ភ្នំពេញ​ជា​ភូមិសាស្ត្រ​ដែល​កើត​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​៕

Theme images by Radius Images. Powered by Blogger.